តម្លៃផ្ទះឯកជននៅទីក្រុងហុងកុង ហក់ឡើងខ្ពស់ពីរខែជាប់ៗគ្នា គិតត្រឹមខែកុម្ភ:

អន្តរជាតិ

តម្លៃផ្ទះឯកជនរបស់ទីក្រុងហុងកុង បានកើនឡើង ២,២% គិតនៅត្រឹមខែកុម្ភ: ឆ្នាំ ២០២៣ នេះ ពោលគឺជាការកើនឡើងរយ:ពីរខែជាប់ៗគ្នាហើយ ដែលត្រូវបានជំរុញដោយការកើនឡើងនៃតម្រូវការ បន្ទាប់ពីច្រកព្រំដែនរវាងប្រទេសចិន ត្រូវបានបើកឡើងវិញជាធម្មតា ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទិន្នន័យផ្លូវការមួយ បានបង្ហាញនៅថ្ងៃពុធនេះថា ការកើនឡើងតម្លៃផ្ទះឯកជនក្នុងទីក្រុងហុងកុង នៅក្នុងខែកុម្ភ: មានការផ្លាស់ប្តូរ ១% ពីការកើនឡើង នៅក្នុងខែមករា ហើយវាក៏ជាការកើនឡើងដ៏ធំបំផុត ចាប់តាំងពីខែឧសភា ឆ្នាំ ២០២០ មក ។

លើសពីនេះទៅទៀត ក្រុមហ៊ុនស្ទង់មតិ Demographia ក៏បានដាក់ឈ្មោះហុងកុង នៅក្នុងខែនេះ ថាជាទីក្រុងដែលមានតម្លៃរស់នៅសមរម្យបំផុត នៅលើពិភពលោក សម្រាប់ឆ្នាំ ២០២២ ផងដែរ ដោយផ្នែកទៅលើតម្លៃអចលនទ្រព្យ ធៀបទៅនឹងប្រាក់ចំណូលជាមធ្យមរបស់ពលរដ្ឋ ខណ:ទីក្រុងស៊ីដនី របស់អូស្រ្តាលី និងទីក្រុង Vancouver របស់កាណាដា ឈរនៅលេខរៀងបន្តបន្ទាប់។ ហើយនេះក៏ជាឆ្នាំទី ១៣ជាប់ៗគ្នាផងដែរ ដែលហុងកុងឈរនៅចំណាត់ថ្នាក់លើគេ ។

ទន្ទឹមនឹងនេះ ក្រុមអ្នកវិភាគមួយចំនួន ក៏បានបង្កើនការព្យាករ សម្រាប់ឆ្នាំ ២០២៣ នេះថា តម្លៃផ្ទះនៅទីក្រុងហុងកុង ក្នុងរយ:ពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ អាចនឹងមានការកើនឡើងបន្ថែមទៀត បន្ទាប់ពីតម្លៃផ្ទះ បានធ្លាក់ចុះប្រហែល ១៥% កាលពីឆ្នាំមុន។

ជម្រាបជូនផងដែរថា ការធ្លាក់ចុះតម្លៃផ្ទះ នៅក្នុងឆ្នាំ ២០២២ កន្លងទៅ គឺជាការធ្លាក់ចុះប្រចាំឆ្នាំលើកដំបូងបំផុត ចាប់តាំងពីឆ្នាំ ២០០៨ មក នៅពេលទីផ្សារអចលនទ្រព្យបានធ្លាក់ចុះ ដោយសារតែទស្សនវិស័យសេដ្ឋកិច្ចទន់ខ្សោយ ការកើនឡើងការប្រាក់កម្ចីទិញផ្ទះ និងការផ្ទុះឡើយនៃជំងឺកូវីដ-១៩ នៅដើមឆ្នាំនោះផងដែរ ៕