ក្រុមហ៊ុនថាមពលថៃ PTT គ្រោងបោះទុនវិនិយោគ ៩០០លានដុល្លារបន្ថែម ពង្រីកអាជីវកម្មខ្លួន

អន្តរជាតិ

ក្រុមហ៊ុនលក់ប្រេង និងឧស្ម័នរាយ របស់ប្រទេសថៃ PTT Oil and Retail Business Pcl កាលពីថ្ងៃចន្ទកន្លងទៅ បានធ្វើការបង្ហាញប្រាប់ឱ្យដឹងថា ខ្លួនគ្រោងនឹងធ្វើការវិនិយោគទឹកប្រាកចំនួន ៩០០លានដុល្លារ នៅឆ្នាំនេះ ដើម្បីពង្រីកអាជីវកកម្មក្នុងស្រុក និងក្រៅប្រទេស។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន CNA ។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Disthat Panyarachun នាយកប្រតិបត្តិរបស់ក្រុមហ៊ុនខាងលើ បាnនិយាយថា ប្រហែល ៤៥% នៃទឹកប្រាក់វិនិយោគ នឹងត្រូវបានប្រើប្រាស់ ដើម្បីធ្វើការពង្រីកអាជីវកម្មទៅលើខ្សែសង្វាក់ហាងកាហ្វេ Amazon និងខ្សែសង្វាក់មាន់បំពង Texas Chicken ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន PTT Oil and Retail ដែលជាបុត្រសម្ព័ន្ធមួយនៃក្រុមហ៊ុនថាមពលដ៏ធំគ្រប់គ្រងដោយរដ្ឋ PTT Pcl បាននិយាយទៀតថា ២២% នៃទឹកប្រាក់វិនិយោគផ្សេងទៀត នឹងត្រូវយកទៅប្រើប្រាស់ ដើម្បីពង្រីកបណ្តាញស្ថានីយសាកបំពេញអាគុយ និងរថយន្តអគ្គិសនី (EV) របស់ខ្លួន ។

លើសពីនេះ លោក Disathat បាននិយាយបន្ថែមទៀតថា នៅឆ្នាំនេះ ក្រុមហ៊ុនរបស់លោក គ្រោងនឹងបន្ថែម​ស្ថានីយ​ប្រេងឥន្ធន:ចំនួន ១២២ កន្លែង ហាងកាហ្វេចំនួន ៤០០ និងស្ថានីយសាកអាគុយរថយន្ត EV ចំនួន ៥០០ បន្ថែមទៀត ។

ជម្រាបជូនឱ្យដឹងផងដែរថា ជុំវិញផែនការពង្រីកអាជីវកម្មនេះ គឺបានកើតឡើង នៅពេលដែលអ្នកបើកបរនៅក្នុងប្រទេសថៃ កំពុងងាកទៅការផ្លាស់ប្តូរជាបណ្តើរៗ ទៅរករថយន្តអគ្គិសនី បន្ទាប់ពីរដ្ឋាភិបាល បានផ្តល់ការលើកទឹកចិត្ត ជាមួយនឹងការឧបត្ថម្ភធន និងការកាត់បន្ថយតម្លៃ ពីក្រុមហ៊ុនផលិត ផងដែរ ៕