តើស្ត្រីខ្លាំងនៅពីក្រោយបុរសជោគជ័យ CEO ក្រុមហ៊ុន TikTok ជាអ្នកណា?

អន្តរជាតិ

ព័ត៌មាននៃការហាមប្រាមលើការប្រើប្រាស់ TikTok ឥឡូវនះ បានរីកសាយភាយពាសពេញប្រព័ន្ធអ៊ីនធឺណិត បន្ទាប់ពីសភាសហរដ្ឋអាមេរិក បានអញ្ជើញ CEO លោក Shou Zi Chew ឱ្យចូលខ្លួនមកនិយាយបកស្រាយ ពាក់ព័ន្ធជាមួយនឹងកម្មវិធីបណ្តាញសង្គម ដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយក្រុមហ៊ុនមេ ByteDance ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង ប្រទេសចិន ជុំវិញការ​បង្កអសន្តិសុខជាតិ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បន្ទាប់ពីការផ្តល់សក្ខីកម្មអស់រយ:ពេលជាច្រើនម៉ោង នៅក្នុងសភាសហរដ្ឋអាមេរិកមក អ្នកនិយមលេងបណ្តាញសង្គមជាច្រើន ហាក់បានបង្ហាញពីការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើលោក Shou ជាពិសេសក៏ចង់ជីកឬសគល់ ទៅដល់ក្រុមគ្រួសាររបស់គាត់បន្ថែមទៀតផងដែរ ។

យ៉ាងណាមិញ សម្រាប់ថ្ងៃនេះវិញ ឧកញ៉ាញូវ សូមលើកយកប្រវត្តិទាក់ទងខ្លះៗ ជុំវិញភវិយារបស់លោក Shou Zi Chew គឺលោកស្រី Vivian Kao មកបង្ហាញឱ្យប្រិយមិត្តអ្នកអាន បានដឹងដូចតទៅ ៖

លោកស្រី Vivian Kao បានកើតនៅថ្ងៃទី ១ ខែមករា ឆ្នាំ ១៩៨៣ នៅប្រទេសសិង្ហបុរី ខណ:លោកស្រី បានរៀបការជាមួយ លោក Chew និងមានកូន ២ នាក់ បន្ទាប់ពីបានជួបគ្នាជាលើកដំបូង អំឡុងពេលសិក្សា នៅសាលា Harvard Business School (HBS) ក្នុងឆ្នាំ ២០០៨ ។

សម្រាប់ប្រវត្តិសិក្សាកន្លងមក លោកស្រី Vivian ទទួលបានបរិញ្ញាបត្រផ្នែកវិទ្យាស្រ្តកុំព្យូទ័រ ពីវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts (MIT) និងទទួលបានអនុបណ្ឌិតពីសាលាធុរកិច្ច Stanford Graduate School ។

ដោយឡែក Vivian ត្រូវបានគេស្គាល់ថាជាអ្នកវិនិយោគដ៏ជោគជ័យម្នាក់ និងជាសមាជិកក្រុមប្រឹក្សាភិបាល នៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាធំៗមួយចំនួនផងដែរ​។ បច្ចុប្បន្នលោកស្រី បម្រើការជាដៃគូ នៅក្នុងក្រុមហ៊ុន K5 Ventures ដែលជាកន្លែងលោកស្រីផ្តោតទៅលើការវិនិយោគ ក្នុងអាជីវកម្មបច្ចេកវិទ្យាចាប់ផ្តើមថ្មី ។

លើសពីនេះ Vivian ក៏ជានាយកប្រតិបត្តិនៃក្រុមហ៊ុនឯកជនមួយ ដែលមានឈ្មោះថា Tamarind Global ស្របពេលលោកស្រី ក៏បម្រើការក្នុងក្រុមប្រឹក្សាភិបាល នៅមហាវិទ្យាល័យ Wellesley ដែលមានមូលដ្ឋាននៅរដ្ឋ Massachusetts សហរដ្ឋអាមេរិក ផងដែរ។

ក្រៅពីនោះ លោកស្រី Vivian ក៏ធ្លាប់បានកាន់មុខតំណែងជាន់ខ្ពស់ នៅក្នុងក្រុមហ៊ុនល្បីៗជាច្រើន រួមទាំង Yahoo និង Microsoft ថែមទៀតផង។ ហើយបើតាមការចុះផ្សាយពីសារព័ត៌មាន FreshersLive បានបង្ហាញថាទ្រព្យសម្បត្តិសរុបរបស់លោកស្រី មានប្រហែល ១០លានដុល្លារ ខណ:ស្វាមីរបស់លោកស្រីវិញ មានទ្រព្យសម្បត្តិសរុបប្រហែល ២០០លានដុល្លារ ៕