ក្រុមហ៊ុនអចលនទ្រព្យចិនមួយ ប្រកាសធ្លាក់ចុះប្រាក់ចំណេញ ៩០% កាលពីឆ្នាំមុន

អន្តរជាតិ

ថ្មីៗនេះ ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យចិន Country Garden Holdings Co បានធ្វើការរាយការណ៍អំពីការខាតបង់ប្រាក់ចំណេញប្រចាំឆ្នាំជាលើកដំបូងមិនធ្លាប់មានអស់រយ:ពេលជាងមួយទសវត្សរ៍ កាលពីក្នុងឆ្នាំ ២០២២ កន្លងទៅ ចំពេលមានការធ្លាក់ចុះខ្លាំង នៃវិស័យអចលនទ្រព្យនៅក្នុងប្រទេសចិន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ក្រុមហ៊ុន Country Garden បានប្រកាសអំពីការខាតបង់ប្រាក់ចំណេញសុទ្ធរបស់ខ្លួន ចំនួន ៦,០៥ពាន់លានយ៉ន់ (៨៧៨,៥លានដុល្លារ) ពោលគឺបានធ្លាក់ចុះដល់ទៅ ៩០% ធៀបទៅនឹងប្រាក់ចំណេញដែលពួកគេធ្លាប់ទទួលបាន ២៦,៨ពាន់លានយ៉ន់ កាលពីឆ្នាំ ២០២១ ។

យ៉ាងណាមិញ ចំពោះការខាតបង់នេះ ត្រូវបានកើនឡើង នៅពេលដែលប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុន នៅក្នុងឆ្នាំ ២០២២ បានធ្លាក់ចុះដល់ទៅ ១៨% មកនៅត្រឹម ៤៣០,៣៧ពាន់លានយ៉ន់ប៉ុណ្ណោះ ពីចំនួន ៥៥៨ពាន់លានយ៉ន់ នៅក្នុងឆ្នាំ ២០២១ ។

ជម្រាបជូនឱ្យដឹងផងដែរថា មិនត្រឹមតែក្រុមហ៊ុន Country Garden នោះឡើយ ពោលគឺនៅមានក្រុមហ៊ុនអចលនទ្រព្យ ក្នុងប្រទេសចិនផ្សេងទៀត ដែលបានជួបប្រទះផលពិបាកខ្លាំង ក្នុងការបញ្ចប់គម្រោង និងលក់ផ្ទះថ្មីៗរបស់ខ្លួន នៅចំពេលវិស័យដ៏ធំមួយនេះ ត្រូវបានរងគ្រោះដោយសារតែវិបត្តិបំណុល ចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០២១ មក ៕