ប្រធានាធិបតី Tayyip Erdogan បាននិយាយកាលពីពេលថ្មីៗនេះថា ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន អាចនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសតួកគីនាថ្ងៃទី ២៧ មេសា ចូលរួមពិធីសម្ពោធរោងចក្រថាមពលនុយក្លេអ៊ែរតំបូងរបស់ពួកគេ ដែលសាងសង់ដោយក្រុមហ៊ុនរដ្ឋរុស្ស៊ី Rosatom។
“ប្រហែលជាមានភាគរយខ្ពស់ដែលលោកពូទីន នឹងមកចូលរួមផ្ទាល់នៅថ្ងៃទី ២៧ មេសា ឬពួកយើងអាចនឹងអបអរសាទរតាមរយៈវីដេអូអនឡាញ”។ នេះបើតាមសម្ដីរបស់ប្រធានាធិបតីតួកគីបាននិយាយទៅកាន់ ATV។
តួកគី នឹងចាប់ផ្ដើមចាក់ប្រេងនុយក្លេអ៊ែរទៅក្នុងរោងចក្រថាមពលនៅ Akkuyu និងដាក់ឈ្មោះវាជារោងចក្រថាមពលនុយក្លេអ៊ែរជាផ្លូវការនៅថ្ងៃទី ២៧ មេសា។ នេះបើតាមការចុះផ្សាយពី Reuters។
យ៉ាងណា វិមានក្រឹមឡាំងបានច្រានចោលព័ត៌មានជុំវិញដំណើរទស្សនកិច្ចរបស់ពូទីន ទៅកាន់តួកគីកាលពីថ្ងៃច័ន្ទ ប៉ុន្តែធ្លាប់និយាយកាលពីថ្ងៃសៅរ៍ថា លោក Putin និង Erdogan បានពិភាក្សាគ្នាក្នុងអំឡុងនិយាយទូរស័ព្ទ អំពីការអនុវត្តជោគជ័យនៃគម្រោងយុទ្ធសាស្ត្ររួម ក្នុងវិស័យថាមពល រួមទាំងការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ Akkuyu ផងដែរ៕