ទេសាភិបាលធនាគារកណ្ដាល និងរដ្ឋមន្ត្រីហិរញ្ញវត្ថុប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានបញ្ចប់កិច្ចប្រជុំមួយធ្វើឡើងនៅកោះបាលី ប្រទេសឥណ្ឌូណេស៊ីក្នុងសប្ដាហ៍នេះ ខណៈកិច្ចពិភាក្សាផ្ដោតសំខាន់លើវិធីទប់ស្កាត់ហានិភ័យសកលសម្រាប់ប្រទេសក្នុងតំបន់ ដោយសំណូមពរឲ្យប្រទេសក្នុងតំបន់ងាកមកបង្កើនការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក ជាជាងពឹងផ្អែកលើរូបិយប័ណ្ណបរទេស។
ការជួបជុំរវាងមេធំហិរញ្ញវត្ថុមកពីតំបន់អាស៊ីអាគ្នេយ៍ធ្វើឡើង ក្រោយវិស័យធនាគារនៅអាមេរិកកំពុងមានហានិភ័យ ជាពិសេសក្រោយការដួលរលំរបស់ធនាគារកំពូលមួយនៅលោកខាងលិចគឺ Silicon Valley Bank។ នេះបើតាមការចុះផ្សាយពី CNA។
ទេសាភិបាលរងធនាគារកណ្តាលឥណ្ឌូនេស៊ី Dody Budi Waluyo បានប្រាប់ទៅកាន់អ្នកសារព័ត៌មានថា៖ “បញ្ហានៅអាស៊ានយើងគឺសុទ្ធតែដូចគ្នា វិបត្តិអតិផរណាខ្ពស់ ភាពចលាចលនៃទីផ្សារហិរញ្ញវត្ថុ និងលំហូរចេញមូលធនជាដើម ហើយបច្ចុប្បន្នភាពចលាចលលើវិស័យធនាគារនៅអាមេរិក និងអឺរ៉ុបក៏កំពុងកើតមានដូចគ្នា”។
បន្ថែមពីនោះ លោក Dody ក៏បាននិយាយថា តំណាងផ្នែកហិរញ្ញវត្ថុបានពិភាក្សាអំពីការតភ្ជាប់ប្រព័ន្ធទូទាត់នៅក្នុងតំបន់ បើទោះបីជាហេដ្ឋារចនាសម្ព័ន្ធនៃប្រទេសអាស៊ានមួយចំនួនមិនទាន់ត្រូវបានអភិវឌ្ឍពេញលេញនៅឡើយ។
ចំណុចគោលនៃកិច្ចពិភាក្សាលើកនេះ គឺកិច្ចប្រជុំតំណាងផ្នែកហិរញ្ញវត្ថុ បានដាក់សំណើឲ្យប្រទេសក្នុងតំបន់ បង្កើនការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក សម្រាប់ការធ្វើពាណិជ្ជកម្ម ឬការវិនិយោគ ដើម្បីកាត់បន្ថយការពឹងផ្អែកលើរូបិយប័ណ្ណបរទេសដូចជាប្រាក់ដុល្លារអាមេរិក៕