ថ្ងៃទី ៣១ មីនានេះ តុលាការកំពូលម៉ាឡេស៊ីបានទាត់ចោលការដេញថ្លៃបើកការស៊ើបអង្កេតសំណុំរឿងពុករលួយឡើងវិញ ពីអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Najib Razak ពាក់ព័ន្ធនឹងការកិបកេងលុយមូលនិធិរដ្ឋ 1MDB។
យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា លោក Najib អស់សិទ្ធក្នុងការតវាក្ដីឡើងវិញ ប៉ុន្តែលោកបានដាក់សំណើសុំការប្រទានទោសពីព្រះមហាក្សត្រ ហើយបើសិនជាជោគជ័យ នោះលោកនឹងមិនចាំបាច់ត្រូវជាប់ពន្ធនាគាររយៈពេល ១២ឆ្នាំឡើយ។
ចៅក្រមតុលាការសហព័ន្ធ លោក Vernon Ong បាននិយាយថា មិនមានកំហុសណាមួយកើតមានឡើង អំឡុងពេលកាត់ទោសលោក Najib កាលពីឆ្នាំមុនឡើយ ដូច្នេះវាមិនមានហេតុផលអីក្នុងការបើកសំណុំរឿងនេះម្ដងទៀតនោះទេ។
គួររំលឹកដែរថា អតីតនាយករដ្ឋមន្ត្រីខាងលើត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ ១២ឆ្នាំ បន្ទាប់ពីរកឃើញជាប់ពាក់ព័ន្ធនឹងការកិបកេងលុយប្រមាណ ១ពាន់លានដុល្លារពីមូលនិធិរដ្ឋ 1MDB និងបានជាប់គុកកាលពីឆ្នាំទៅ ប៉ុន្តែសាមីខ្លួននៅតែប្រកែកដាច់អហង្ការថា លោកគឺស្អាតស្អំ មិនដែលកិបកេងលុយរដ្ឋនោះឡើយ៕