វៀតណាម ប្រកាសផែនការវិនិយោគជាង ​១១ពាន់លានដុល្លារ ពង្រីកប្រព័ន្ធផ្ទុកប្រេងរបស់ខ្លួន

អន្តរជាតិ

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ បានរាយការណ៍ឱ្យដឹងនៅថ្ងៃសុក្រនេះថា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានបង្ហាញពីសេចក្តីព្រាងច្បាប់មួយ ជុំវិញផែនការវិនិយោគទឹកប្រាក់រហូតដល់ទៅ ២៧០ទ្រីលានដុង (១១,៥១ពាន់លានដុល្លារ) ដើម្បីធ្វើការពង្រីកប្រព័ន្ធផ្ទុកប្រេងឥន្ធន:ជាតិបន្ថែមទៀត នៅត្រឹមឆ្នាំ ២០៣០ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លើសពីនេះ បើតាមកាសែត Dau Tu បានបង្ហាញឱ្យដឹងទៀតថា ការវិនិយោគនេះ នឹងអាចជួយបង្កើនសមត្ថភាពផ្ទុកប្រេងឆៅ និងប្រេងចម្រាញ់របស់វៀតណាម បានរហូតដល់ទៅ ៧៥-៨០ ថ្ង្ងៃនៃអត្រានាំចូលសុទ្ធ ។

យ៉ាងណាមិញ ទូរទស្សន៍ VOV របស់វៀតណាម ក៏បានដកស្រង់សម្តីរបស់រដ្ឋមន្ត្រីឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Gguyen Hong Dien ដែលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅថា បច្ចុប្បន្ននេះ សមត្ថភាពក្នុងការផ្ទុកប្រេងឥន្ធន:របស់វៀតណាម កំពុងឈរនៅកម្រិត ៦៤ ថ្ងៃនៃអត្រានាំចុលសុទ្ធ ប៉ុណ្ណោះ ។

គួរឱ្យដឹងផងដែរថា វៀតណាម ដែលត្រូវបានចាត់ទុកថាជាមជ្ឈមណ្ឌលផលិតកម្មដ៏ធំបំផុតមួយក្នុងតំបន់ នៅពេលខ្លះបានប្រឈមមុខជាមួយនឹងបញ្ហា ក្នុងការផ្គត់ផ្គង់ប្រេងឥន្ធន:របស់ខ្លួន ឱ្យគ្រប់ទៅតាមតម្រូវការ ដោយសារតែទទួលរងផលប៉ះពាល់ចំពោះការផ្គត់ផ្គត់ជាសកល ឬការដំណើរការខុសប្រក្រតីនៃរោងចក្រចម្រាញ់ប្រេង នៅក្នុងស្រុករបស់ខ្លួនផងដែរ ។

បន្ថែមពីនេះ ក្រសួងខាងលើ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ នៅថ្ងៃសុក្រនេះថា ផែនការដ៏ធំនេះ ប្រសិនបើទទួលបានការអនុម័តដោយជោគជ័យ ពីសំណាក់រដ្ឋាភិបាល នោះក្រសួងនឹងចាប់ផ្តើមដាក់គោលដៅសម្រាប់ក្រុមហ៊ុននានា ក្នុងការសាងសង់ ពង្រីក និងធ្វើទំនើបកម្មទៅលើប្រព័ន្ធផ្ទុកប្រេងឥន្ធន: ដែលស្រាប់ ៕