Makro គ្រោងបោះទុនទឹកប្រាក់ជាង ៨០០លានដុល្លារបន្ថែម លើការពង្រីកអាជីរកម្មខ្លួន

អន្តរជាតិ

ថ្មីៗនេះ Siam Makro Plc ដែលជាក្រុមហ៊ុនមេរបស់ផ្សារទំនើប Makro និង Lotus បានបង្ហាញពីផែនការរបស់ខ្លួន ក្នុងការរៀបចំបែងចែកទឹកប្រាក់វិនិយោគចន្លោះពី ២៥,៣ពាន់លានបាត ទៅ ២៧,៥ពាន់លានបាត ឬ ៧៤៣លានដុល្លារ ទៅ ៨០៧លានដុល្លារ នៅក្នុងឆ្នាំ ២០២៣ នេះ ដើម្បីពង្រីកអាជីវកម្មលក់រាយ និងលក់ដុំរបស់ខ្លួនបន្ថែមទៀត។ នេះបើតាមការចុះផ្សាយពីកាសែត BangkokPost ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Sowaluck Thithapant នាយកប្រតិបត្តិក្រុមហ៊ុន Siam Makro បាននិយាយថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច និងវិស័យទេសចរណ៍ បន្ទាប់ពីមានការបើកដំណើរការពេញលេញឡើងវិញនៃប្រទេសថៃ បានផ្តល់ផលវិជ្ជមានយ៉ាងខ្លាំង ដល់អាជីវកម្មលក់ដុំ និងរាយ ក៏ដូចជាសណ្ឋាគារ ភោជនីយដ្ឋាន និងខ្សែសង្វាក់ម្ហូបអាហារ ជាដើម។

យ៉ាងណាមិញ ជុំវិញផែនការដែលបានគ្រោងទុក វាត្រូវបានគេដឹងថា ក្រុមហ៊ុន Siam Makro នឹងបោះទុនចន្លោះពី ១៣,១ពាន់លានបាត ទៅ ១៤,១ពាន់លានបាត សម្រាប់អាជីវកម្មលក់ដុំ​ របស់ផ្សារទំនើប Makro ខណ:ទឹកប្រាក់ចំនួន ១២,២ពាន់លានបាត ទៅ ១៣,៤ពាន់លានបាត ផ្សេងទៀត នឹងត្រូវវិនិយោគទៅលើអាជីវកម្មលក់រាយរបស់ផ្សារ Lotus រួមទាំងការពង្រីកសាខា និងអភិវឌ្ឍមជ្ឈមណ្ឌលចែកចាយ ប្រព័ន្ធឌីជីថល និងអាជីវកម្មថ្មីៗបន្ថែមទៀត ផងដែរ ។

គួរឱ្យដឹងទៀតផងដែរថា សម្រាប់ឆ្នាំ ២០២៣ នេះ ផ្សារទំនើប Makro លក់ដុំ គ្រោងនឹងបើកសាខាថ្មី ចំនួន ១២ បន្ថែមទៀត នៅក្នុងប្រទេសថៃ​ និងពី ៤ ទៅ ៦ សាខា នៅក្នុងប្រទេសផ្សេងទៀត ដែលកំពុងមានវត្តមានផ្សារ Makro ស្រាប់ ៕