ថ្មីៗនេះ អង្គភាពនៅក្រៅប្រទេស របស់ក្រុមហ៊ុនខ្សែសង្វាក់ស៊ុបហតផតដ៏ធំបំផុតរបស់ចិន Haidilao បានបង្ហាញក្តីរំពឹងទុកខ្ពស់ថានឹងអាចរកប្រាក់ចំណេញបានវិញ នៅក្នុងឆ្នាំ ២០២៣ នេះ បន្ទាប់ពីបានប្រកាសអំពីកំណើនប្រាក់ចំណូលជិត ៨០% កាលពីឆ្នាំមុន ។
បើតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា អង្គភាពក្រៅប្រទេសរបស់ក្រុមហ៊ុនស៊ុបចិន Haidilao International Holding គឺ Super Hi International Holding បានបង្ហាញពីប្រាក់ចំណូលដែលខ្លួនទទួលបានចំនួន ៥៥៨,២លានដុល្លារ ស្របពេលទទួលបានការខាតបង់ចំនួន ៤១,៣លានដុល្លារ នៅក្នុងឆ្នាំ ២០២២ បើធៀបទៅនឹងការខាតបង់ចំនួន ១៥០,៨លានដុល្លារ នៅក្នុងឆ្នាំ ២០២១ ។
យ៉ាងណាមិញ លោក Zhou Zhaocheng នាយកប្រតិបត្តិនៃក្រុមហ៊ុន Super Hi បាននិយាយនៅក្នុងបទសម្ភាសមួយថា ៖ ” យើងបានកាត់បន្ថយការខាតបង់របស់យើងយ៉ាងច្រើនកាលពីឆ្នាំមុន។ សរុបមក យើងពេញចិត្តនឹងការអនុវត្តផែនការរបស់យើងនៅឆ្នាំនោះ ហើយមានសុទិដ្ឋិនិយមថានឹងមានកើនឡើង នៅឆ្នាំ ២០២៣ នេះ” ។
គួរឱ្យដឹងថា ដោយបានបង្កើតឡើងដំបូងនៅក្នុងខេត្ត Sichuan ប្រទេសចិន ក្នុងឆ្នាំ ១៩៩៤ បច្ចុប្បន្ននេះ ក្រុមហ៊ុន Haidilao មានហាងសរុបជាង ១ ៣០០ កន្លែង នៅទូទាំងប្រទេសចិន ខណ:នៅក្រៅប្រទេសវិញមានរហូតដល់ទៅ ១១៤ ហាង រួមទាំងហាងដែលទើបនឹងបើកថ្មី នៅក្នុងទីក្រុងឌុយបៃ នៅក្នុងខែនេះ ផងដែរ ខណ:វាជាការបណ្តាក់ទុនលើកដំបូងរបស់ខ្លួន ចូលទៅក្នុងទីផ្សារមជ្ឈិមបូព៌ា ៕