បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកាលពីថ្ងៃទី ៣១ មីនា នៅឯសាលប្រជុំ Great Hall of the People ក្នុងទីក្រុងប៉េកាំង ប្រធានាធិបតីចិន ស៊ី ជិនពីង និងនាយករដ្ឋមន្ត្រីសិង្ហបុរី Lee Hsien Loong បានព្រមព្រៀងគ្នាបង្កើនទំនាក់ទំនងទ្វេភាគី ឲ្យឈានដល់ចំណុច “ភាពជាដៃគូតម្រង់ទិសអនាគត ប្រកបដោយគុណភាពខ្ពស់គ្រប់ជ្រុងជ្រោយ”។

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា មេដឹកនាំទាំងសងខាងបានយល់ព្រមធ្វើការរួមគ្នា ដោយចាប់ផ្ដើមបើកជើងហោះហើររវាងប្រទេសទាំង ២ ឡើងវិញ និងផ្លាស់ប្ដូរបុគ្គលិកដូចមុនមានជំងឹរាតត្បាត។
ដោយឡែក នាយករដ្ឋមន្ត្រីសិង្ហបុរីក៏បានបង្ហាញពីអារម្មណ៍សោមនស្សចំពោះកិច្ចប្រជុំមួយនេះ ដោយលោកបានសង្កត់ធ្ងន់ថា វាគួរតែដល់ពេលហើយដែលសិង្ហបុរី និងចិនត្រូវបង្កើនទំនាក់ទំនងទ្វេភាគីរបស់ពួកគេ។
ខណៈប្រធានាធិបតីចិនវិញក៏បាននិយាយថា ចិនតែងតែចាត់ទុកសិង្ហបុរីជាប្រទេសមានសារៈសំខាន់បំផុត ក្នុងការសាងទំនាក់ទំនងជាមួយ ហើយចិន និងសិង្ហបុរីគឺមានចំណងមិត្តភាពពិសេស និងជិតស្និទ្ធបំផុត៕