ការលក់រាយរបស់ហុងកុង​ ហក់ឡើងខ្លាំងបំផុតមិនធ្លាប់មានរយ:ពេល ១៣ ឆ្នាំចុងក្រោយ គិតត្រឹមខែកុម្ភ:

អន្តរជាតិ

ថ្មីៗនេះ យោងតាមទិន្នន័យដែលទទួលបានពីរដ្ឋាភិបាល បានបង្ហាញឱ្យដឹងថា ការលក់រាយរបស់ទីក្រុងហុងកុង បានហក់ឡើងខ្ពស់បំផុតមិនធ្លាប់មាន ក្នុងរយ:ពេល ១៣ ឆ្នាំចុងក្រោយ គិតនៅត្រឹមខែកុម្ភ: ដោយសារតែសេដ្ឋកិច្ចហាក់មានភាពប្រសើឡើងវិញ រួមទាំងការកើនឡើងយ៉ាងខ្លាំងនៃភ្ញៀវទេសចរ ផងដែរ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ បើតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ទៀតថា ការលក់រាយ នៅក្នុងខែកុម្ភ: ឆ្នាំ ២០២៣ នេះ បានកើនឡើង ៣១,៣% ធៀបទៅនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន​ នៅក្នុងចំនួនទឹកប្រាក់ប្រមាណ​ ៣៣,១ពាន់លានដុល្លារហុងកុង (៤,២២ពាន់លានដុល្លារ) ខណ:នេះគឺជាកំណើនដ៏ធំបំផុតមិនធ្លាប់មាន គិតត្រឹមរយ:ពេលមួយខែ ចាប់តាំងពីខែកុម្ភ: ឆ្នាំ ២០១០ មក ដោយនៅពេលនោះ ការលក់រាយបានកើនឡើងដល់ ៣៥,៨% ។

គួរឱ្យដឹងថាមុនពេលទទួលបានកំណើនដ៏ធំនេះ ទីក្រុងហុងកុង ធ្លាប់ទទួលរងនូវផលវិបាកយ៉ាងខ្លាំង ដោយសារតែការរឹតបន្តឹងលើកូវីដ-១៩ ដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសេដ្ឋកិច្ចរបស់ទីក្រុងនេះ ចាប់តាំងពីដើមឆ្នាំ ២០២០ ដោយធ្វើឱ្យវិស័យទេសចរណ៍ ត្រូវផ្អាក និងធ្វើឱ្យការលក់ដូរផ្សេងៗ នៅតាមបារ ភោជនីយដ្ឋាន និងហាងនានា ត្រូវបិទទ្វារផងដែរ ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ច្រកព្រំដែនទាំងអស់ ត្រូវបានបើកដំណើរការឡើងវិញយ៉ាងពេញលេញ នៅដើមខែកុម្ភ: ខណ:ហុងកុង ក៏បានចេញច្បាប់ឈប់ពាក់ម៉ាស់ ចាប់ពីថ្ងៃទី ១ ខែមីនាកន្លងទៅផងដែរ ក្នុងគោលបំណង ដើម្បីទាក់ទាញភ្ញៀវទេសចរ និងស្តារឡើងវិញនូវជីវិតរស់នៅធម្មតា បន្ទាប់ពីច្បាប់ដ៏តឹងរ៉ឹង ត្រូវបានដាក់ចេញ មកលើទីក្រុងហុងកុង អស់រយ:ពេល ៣ ឆ្នាំកន្លងមកនេះ ៕