កាលពីថ្ងៃច័ន្ទកន្លងទៅ អតីតរដ្ឋលេខាធិការអាមេរិក Mike Pompeo បានធ្វើដំណើរទស្សនកិច្ចទៅអ៊ុយក្រែន ដើម្បីបង្ហាញពីការគាំទ្ររបស់លោកទៅដល់ក្រុងគៀវ និងបានសន្យាថា នឹងពន្លឿនការធ្វើការជាមួយរដ្ឋាភិបាល សម្រាប់ការផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែន។

ចំពោះមុខសមាជិកសភាអ៊ុយក្រែន មន្ត្រីរដ្ឋាភិបាល តំណាងយោធា សកម្មជនសង្គមស៊ីវិល និងនិស្សិត លោកបាននិយាយថា ការផ្ដល់នូវសព្វាវុធដល់អ៊ុយក្រែន គឺជារឿងដែលអាមេរិកធ្វើត្រូវបំផុត។ នេះបើតាមការចុះផ្សាយពី CNA។

ការលើកឡើងរបស់លោក Pompeo គឺចំពេលសមាជិកសភាអាមេរិកកំពុងពិភាក្សា អំពីរបៀបផ្ដល់ជំនួយដល់អ៊ុយក្រែន ដ្បិតមហាអំណាចលោកខាងលិចបានផ្ដល់ជំនួយប្រមាណ ៣០ពាន់លានដុល្លារ ទៅកាន់ប្រទេសមួយនេះ តាំងពីរុស្ស៊ីបើកការឈ្លានពានកាលពីជាងមួយឆ្នាំមុន។
លោក Pompeo បាននិយាយថា លោកបានធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន ជាមួយគណៈប្រតិភូពាណិជ្ជករអាមេរិក និងតំណាងស្ថាប័នមនុស្សធម៌មួយចំនួន ហើយក៏បានទៅមន្ទីរពេទ្យយោធា និងជួបជាមួយមន្ត្រីរដ្ឋាភិបាលអ៊ុយក្រែនផងដែរ៕