ប្រធានាធិបតីប្រេស៊ីល Luiz Inacio Lula da Silva បានបញ្ជូនបេសកជនជាន់ខ្ពស់ ជាទីប្រឹក្សាគោលនយោបាយបរទេស ទៅជួបជាមួយប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន អំពីការពន្លឿនការចរចាសន្តិភាព និងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយពី CNN។

លោក Celso Amorim ដែលបានជួបជជែកជាមួយមេដឹកនាំរុស្ស៊ីបានបង្ហើបថា ការចរចាអាចនៅមានសង្ឃឹម ប៉ុន្តែមិនមែនមានន័យថា វាអាចទៅរួចទាំងស្រុងនោះឡើយ។

បេសកជនជាន់ខ្ពស់រូបនេះបានបន្ថែមទៀតថា លោកបានជួបជជែក និងញាំអាហារថ្ងៃត្រង់ជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov ដែលនឹងត្រូវមកបំពេញទស្សនកិច្ចនៅប្រេស៊ីល នាថ្ងៃទី ១៧ មេសា និងទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីលេខាធិការក្រុមប្រឹក្សាសន្តិសុខ Nikolai Patrushev និងទីប្រឹក្សាកិច្ចការអន្តរជាតិ Yuri Ushakov។
សូមជម្រាបដែរថា លោក Celso បានជួបជជែកជាមួយពូទីនរយៈពេលមួយម៉ោង សម្រាប់ដំណើរទស្សនកិច្ចមិនប្រាប់ទុកមុនមួយនេះ ហើយលោកមិនបានបង្ហើបឲ្យដឹងពីព័ត៌មានជាក់លាក់ ជុំវិញកិច្ចពិភាក្សាមួយនេះឡើយ៕