ទ្រព្យសម្បត្តិសរុបរបស់ក្រុមមហាសេដ្ឋីរុស្ស៊ី មានការកើនឡើងប្រមាណ ១៣,០៣ពាន់លានដុល្លារ តាំងពីបើកទំព័រឆ្នាំ ២០២៣ ខណៈទ្រព្យសម្បត្តិរបស់ Vagit Alekperov កើនច្រើនជាងគេបានជាង ៣ពាន់លានដុល្លារ។

យោងតាមការចុះផ្សាយពី Bloomberg Billionaires Index បានបង្ហាញថា គិតត្រឹមថ្ងៃទី ០៣ មេសានេះ ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីរុស្ស៊ី ២២នាក់ បានកើនដល់ ២៧៦,៧ពាន់លានដុល្លារ។

ម្ចាស់ក្រុមហ៊ុន Nornikel លោក Vladimir Potanin នៅតែគ្រងតំណែងជាអ្នកមានដាច់គេប្រចាំប្រទេស ដោយមានទ្រព្យសម្បត្តិប្រហែល ២៩ពាន់លានដុល្លារ កើនបាន ៤៤៨លានដុល្លារ។

ដោយឡែក តំណែងលេខ ២ បានទៅលើ Leonid Mikhelson សហស្ថាបនិកក្រុមហ៊ុនផលិតឧស្ម័នធំបំផុតទី ២ នៅរុស្ស៊ី Novatek ជាមួយទ្រព្យសម្បត្តិប្រហែល ២៦,៣ពាន់លានដុល្លារ និងម្ចាស់ភាគហ៊ុនធំបំផុតនៃក្រុមហ៊ុនដែកថែប NLMK លោក Vladimir Lisin ជាមហាសេដ្ឋីមានបំផុតទី ៣ ប្រចាំប្រទេស ដោយមានទ្រព្យសម្បត្តិសរុប ២១ពាន់លានដុល្លារ៕