លោកខាងលិចកំពុងព្យាយាមចង់ញុះញង់ឲ្យមិត្តភាពត្បូងពេជ្ររវាងចិន និងរុស្ស៊ី ដោយចង់ដាក់គំនាបឲ្យចិនដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី។ នេះបើតាមសម្ដីរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov បាននិយាយកាលពីថ្ងៃអង្គារ។
យ៉ាងណា ឥស្សរជនជាន់ខ្ពស់រូបនេះបានបង្ហើបថា ចំណងមិត្តភាពរវាងចិន និងរុស្ស៊ីមិនងាយបែកបាក់ឡើយ ពោលគ្រាន់តែការជួបជជែករវាងថ្នាក់ដឹកនាំកំពូល វ៉្លាឌីមៀរ ពូទីន និងស៊ី ជិនពីង គឺមានរយៈពេលដល់ទៅ ១០ម៉ោង ហើយផ្លែផ្កានៃការជជែកគ្នានោះគឺ ពង្រឹងពីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តភាពត្បូងពេជ្រនាយុគសម័យថ្មី។
លោក Lavrov ក៏បានបង្ហើបដែរថា អស់រយៈពេលជាយូរណាស់មកហើយ ប្រទេសមួយចំនួនមានភាពច្រណែននឹង ចំណងមិត្តភាពដ៏រឹងមាំរវាងចិន និងរុស្ស៊ី និងព្យាយាមបំប៉ោងព័ត៌មានដើម្បីឲ្យមិត្តភាពរវាងមហាអំណាចទាំង ២ មានការប្រេះស្រាំ។
“ពួកយើងបានមើលឃើញពីគោលបំណងមិនល្អ ចំពោះភាពជោគជ័យរបស់ពួកយើង ដូចជាព្យាយាមបំបែកបំបាក់ចំណងមិត្តភាពរវាងក្រុងមូស្គូ និងក្រុងប៉េកាំង”។ នេះបើតាមសម្ដីរបស់លោក Lavrov។
សូមជម្រាបដែរថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីម្នាក់នេះបានសង្កត់ធ្ងន់ថា ទំនាក់ទំនងមិនល្អរវាង EU និងរុស្ស៊ី គឺជាកំហុសរបស់ពួកគេ ដ្បិតសហភាពអឺរ៉ុបគាំទ្រដល់អ៊ុយក្រែន ចំពោះការផ្គត់ផ្គង់ “របបឧក្រិដ្ឋកម្ម” នៅក្រុងគៀវ ជាមួយនឹងអាវុធនិងការណែនាំផ្សេងៗ៕