យោងតាមសាកលវិទ្យាល័យពាណិជ្ជកម្មថៃ បានបង្ហាញកាលនៅថ្ងៃអង្គារនេះថា ការចំណាយរបស់ប្រជាជនខ្លួន អាចនឹងកើនឡើង ១៧% ដល់ចំនួនទឹកប្រាក់ ១២៥ពាន់លានបាត (៣,៦៥ពាន់លានដុល្លារ) ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីខាងមុខ ពោលគឺជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានរយ:ពេល ៤ ឆ្នាំចុងក្រោយ។
លោក Thanavath Phonvichai ប្រធានសាកលវិទ្យាល័យខាងលើ បានប្រាប់ទៅកាន់សន្និសីទសារព័ត៌មានមួយថា នេះជាតួលេខដ៏ខ្ពស់បំផុតមួយ ចាប់តាំងពីមានការចំណាយ ១៣៦ពាន់លានបាត ក្នុងឆ្នាំ ២០១៩ មក ពោលគឺអំឡុងពេលមុនមានជំងឺរាតត្បាតកូវីដ-១៩ ។
លើសពីនេះ លោក Thanavath បានសង្កត់ធ្ងន់ទៀតថា សង្ក្រាន្តឆ្នាំនេះនឹងមានភាពអ៊ូអរខ្លាំង នៅពេលដែលពិធីបុណ្យចូលឆ្នាំថ្មីនេះ នឹងត្រូវប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី ១៣ ដល់ទី ១៥ ខែមេសា ហើយវានឹងមានការចរាចរលុយជាច្រើន ចូលទៅក្នុងប្រព័ន្ធសេដ្ឋកិច្ចជាតិ ។
ជម្រាបជូនឱ្យដឹងផងដែរថា ថៃ បានសម្រេចលុបចោលការរឹតបន្តឹងផ្សេងៗទាក់ទងទៅនឹងជំងឺកូវីដ-១៩ កាលពីចុងឆ្នាំមុន ដើម្បីស្តារវិស័យទេសចរណ៍ដ៏សំខាន់របស់ខ្លួនឡើងវិញ ដែលជាហេតុបានមើលឃើញពីការកើនឡើងយ៉ាងខ្លាំង នៃការមកដល់របស់ភ្ញៀវទេសចរបរទេស នៅក្នុងប្រទេសនេះ៕