រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោកស្រី Retno LP Marsudi បាននិយាយក្នុងពេលថ្មីៗនេះថា ប្រទេសរបស់ខ្លួន ចង់បង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាមួយប្រទេសកូរ៉េខាងត្បូង លើវិស័យជាច្រើន ដោយរាប់ចាប់តាំងពីវិស័យការពារជាតិ រហូតដល់សេដ្ឋកិច្ច រួមទាំងការអភិវឌ្ឍ ទៅលើរដ្ឋធានីថ្មី Nusantara ផងដែរ។
កាលពីចុងសប្តាហ៍មុន លោកស្រី Retno បានធ្វើជាសហប្រធាន ក្នុងកិច្ចប្រជុំគណ:កម្មាការចម្រុះឥណ្ឌូនេស៊ី-កូរ៉េខាងត្បូង លើកទីបួន ជាមួយភាគី គឺលោកស្រី Park Jin នៅទីក្រុងសេអ៊ូល ដើម្បីពិភាក្សាទៅលើវិធានការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីបន្ថែមទៀត។
លោកស្រី Retno បានប្រាប់អ្នកយកព័ត៌មានថា កិច្ចប្រជុំនេះ ពិតជាមានសារ:សំខាន់ខ្លាំង ស្របពេលលោកស្រីក៏បានអំពាវនាវឱ្យប្រទេសទាំងពីរ បង្កើនប្រសិទ្ធភាពលើគណៈកម្មាធិការសហប្រតិបត្តិការឧស្សាហកម្មការពារជាតិ (DICC) ដើម្បីលើកឡើងពីបញ្ហាយុទ្ធសាស្ត្រ ដូចជាសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ប្រតិបត្តិការរក្សាសន្តិភាព សន្តិសុខដែនសមុទ្រ និងការប្រឆាំងអំពើភេរវកម្ម ជាដើម។
មិនតែប៉ុណ្ណោះ ប្រទេសទាំងពីរ ក៏ត្រូវបន្តអនុវត្តពេញលេញនូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយឥណ្ឌូនេស៊ី-កូរ៉េខាងត្បូង (IK-CEPA) បន្ថែមទៀតផងដែរ ស្របពេលពាណិជ្ជកម្មទ្វេភាគី កាលពីឆ្នាំ ២០២២ កន្លងទៅ បានឈានដល់កម្រិតខ្ពស់បំផុត ក្នុងចំនួន ២៤,៥៣ពាន់លានដុល្លារអាមេរិក ពោលគឺបានកើនឡើង ៣៣% បើធៀបនឹងឆ្នាំ ២០២១ ។
ទន្ទឹមនឹងនេះ នៅក្នុងឱកាសនោះផងដែរ លោកស្រី Retno ក៏បានលើកទឹកចិត្តដល់វិស័យឯកជនរបស់កូរ៉េខាងត្បូង ឱ្យបង្កើនការវិនិយោគ នៅក្នុងឧស្សាហកម្មយុទ្ធសាស្ត្ររបស់ប្រទេសឥណ្ឌូនេស៊ី ដូចជាដែកថែប គីមីឥន្ធនៈ អាគុយរថយន្តអគ្គិសនី ថាមពលកកើតឡើងវិញ និងការអភិវឌ្ឍរដ្ឋធានីថ្មី Nusantara ផងដែរ។ លោកស្រីក៏បានជំរុញឱ្យមានការពង្រឹងលើការផ្លាស់ប្តូររវាងប្រជាជនប្រទេសទាំងពីរ ដោយមានគោលដៅស្វាគមន៍ភ្ញៀវទេសចរកូរ៉េឱ្យបាន ៣សែននាក់ ថែមទៀតផង៕