ប្រធានសហភាពអឺរ៉ុប Ursula von der Leyen និងប្រធានាធិបតីបារាំង Emmanuel Macron មានគម្រោងត្រូវចូលជួបជាមួយប្រធានាធិបតីចិន ស៊ី ជិនពីងនាថ្ងៃទី ០៦ មេសានេះ ដោយរំពឹងថា កិច្ចសំណេះសំណាលមួយនេះ នឹងអាចដោះស្រាយភាពល្អក់កកររវាងចិន និងអឺរ៉ុបរយៈពេលកន្លងមក។
យោងតាមការចុះផ្សាយពី CNA បានឲ្យដឹងថា លោក ម៉ាក្រុង បានធ្វើដំណើរទៅដល់ក្រុងប៉េកាំងកាលពីយប់ថ្ងៃពុធ និងបានប្រាប់សារព័ត៌មានថា អឺរ៉ុបត្រូវតែរារាំងដល់ការកាត់បន្ថយទំនាក់ទំនងពាណិជ្ជកម្ម និងដំណើរការទូតជាមួយចិន ដែលវាខុសពីអ្វីដែលលោកខាងលិច កំពុងព្យាយាមដាក់ទៅលើចិន ជុំវិញបញ្ហាកោះតៃវ៉ាន់។
សូមជម្រាបដែរថា ទំនាក់ទំនងរវាងចិន និងអឺរ៉ុបមានភាពល្អក់កករខ្លាំងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដោយសារតែកិច្ចព្រមព្រៀងវិនិយោគកាលពីឆ្នាំ ២០២១ ស្របពេលរដ្ឋាភិបាលក្រុងប៉េកាំងបដិសេធមិនព្រមដាក់គំនាបលើរុស្ស៊ី ដែលជាសម្ព័ន្ធមិត្តត្បូងពេជ្ររបស់ខ្លួនផង។
គួររំលឹកបន្ថែមថា លោកម៉ាក្រុង នឹងចូលជួបជាមួយនាយករដ្ឋមន្ត្រីចិនថ្មី Li Qiang នៅឯ The Great Hall of the People មុនពេលលោក Li ត្រូវចូលទទួលទានអាហារថ្ងៃត្រង់ជាមួយ von der Leyen ដែលអាក់ខានមកបំពេញទស្សនកិច្ចនៅចិន តាំងពីចុងឆ្នាំ ២០១៩។
បន្ទាប់ពីនោះ មេដឹកនាំកំពូលនៅតំបន់អឺរ៉ុបទាំង ២រូប នឹងចូលជួបសំណេះសំណាលជាមួយប្រធានាធិបតីចិនរៀងៗខ្លួន មុនបើកកិច្ចប្រជុំត្រីភាគីនាពេលរសៀលថ្ងៃដដែល៕