គិតត្រឹមរយ:ពេលប៉ុន្មានខែដំបូងនៅឆ្នាំ ២០២៣ នេះ ប្រទេសវៀតណាម បានធ្លាក់ចុះចំនួនមហាសេដ្ឋីមកត្រឹម ៦ នាក់ប៉ុណ្ណោះ នៅក្នុងបញ្ជីឈ្មោះអ្នកមានទ្រព្យសម្បត្តិច្រើនបំផុត ក្នុងពិភពលោក របស់ទស្សនាវដ្តី Forbes ពោលគឺបានធ្លាក់ចុះពីចំនួន ៧ រូប កាលពីឆ្នាំមុន ។
មហាសេដ្ឋីក្នុងស្រុកទាំង ៦ រូប ដែលត្រូវបានរាប់បញ្ចូល ក្នុងបញ្ជីឈ្មោះរបស់ Forbes នៅក្នុងឆ្នាំនេះ មានដូចជា ប្រធានក្រុមហ៊ុនឯកជន Vingroup លោក Pham Nhat Vuong , នាយកប្រតិបត្តិក្រុមហ៊ុន Vietjet Air លោកស្រី Nguyen Thi Phuong Thao , ប្រធានក្រុមហ៊ុនដែកថែប Hoa Phat លោក Tran Dinh Long , ប្រធានក្រុមហ៊ុន Techcombank លោក Ho Hung Anh , ប្រធានក្រុមហ៊ុន Truong Hai Auto Company លោក Tran Ba Duong និងប្រធានក្រុមហ៊ុន Masan លោក Nguyen Dang Quang ។
យ៉ាងណាមិញ ប្រធានក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ Nova Group លោក Bui Thanh Nhon មិនត្រូវបានគេរាប់បញ្ចូលទៅក្នុងបញ្ជីឈ្មោះរបស់ Forbes នៅឆ្នាំ ២០២៣ នេះនោះឡើយ បន្ទាប់ពីលោក ធ្លាប់បានជាប់ឈ្មោះ នៅក្នុងបញ្ជីនេះ កាលពីឆ្នាំមុន ជាមួយនឹងទ្រព្យសម្បត្តិសរុប ២,៩ពាន់លានដុល្លារ ។
ដោយឡែក សម្រាប់មហាសេដ្ឋីកំពូលៗរបស់វៀតណាម ទាំង ៦ រូប ដែលបានជាប់នៅក្នុងបញ្ជីរបស់ Forbes នៅឆ្នាំនេះវិញ ត្រូវបានគេមើលឃើញថាទ្រព្យសម្បត្តិរបស់ពួកគេ សុទ្ធសឹងតែបានធ្លាក់ចុះទាំងអស់ បើធៀបទៅនឹងឆ្នាំមុន ។
គួរឱ្យដឹងថា ប្រធានក្រុមហ៊ុន Vingroup លោក Vuong បច្ចុប្បន្នមានទ្រព្យសម្បត្តិសរុប ៤,៣ពាន់លានដុល្លារ ធ្លាក់ចុះពី ៦,២ពាន់លានដុល្លារ កាលពីឆ្នាំមុន ស្របពេល នាយកប្រតិបត្តិក្រុមហ៊ុន Vietjet Air លោកស្រី Thao បច្ចុប្បន្ន មានទ្រព្យសម្បត្តិសរុប ២,២ពាន់លានដុល្លារ ធ្លាក់ចុះពី ៣,១ពាន់លានដុល្លារ កាលពីឆ្នាំមុន ។
ទន្ទឹមនឹងនេះ ប្រធានក្រុមហ៊ុន Hoa Phat លោក Long បច្ចុប្បន្ន មានទ្រព្យសម្បត្តិសរុប ១,៨ពាន់លានដុល្លារ ធ្លាក់ចុះពី ៣,២ពាន់លានដុល្លារ កាលពីឆ្នាំមុន ខណ:លោក Hung Anh ប្រធានក្រុមហ៊ុន Techcobank មានទ្រព្យសម្បត្តិសរុប ១,៥ពាន់លានដុល្លារ។
ចំណែកឯលោក Doung ប្រធានក្រុមហ៊ុន Truong Hai Auto Company បច្ចុប្បន្នមានទ្រព្យសម្បត្តិសរុប ១,៥ពាន់លានដុល្លារ ស្របពេលប្រធានក្រុមហ៊ុន Masan លោក Quang មានទ្រព្យសម្បត្តិសរុបចំនួន ១,៣ពាន់លានដុល្លារ ។
ជម្រាបជូនផងដែរថា នៅឆ្នាំ ២០២៣ នេះ បើតាមទស្សនារដ្តី Forbes បានបង្ហាញថា មហាសេដ្ឋីលើពិភពលោក មានចំនួន ២ ៦៤០ នាក់ ថយចុះ ២៨នាក់ ពីឆ្នាំមុន ដោយមានទ្រព្យសម្បត្តិសរុប ១២,២ទ្រីលានដុល្លារ ពោលគឺធ្លាក់ចុះ ៥០០ពាន់លានដុល្លារ ធៀបនឹងឆ្នាំមុន ៕