ប្រធាន IMF ប្រាប់ឲ្យចិនពន្លឿនការងារ ជុំវិញរចនាសម្ព័ន្ធបំណុលជាមួយប្រទេសក្រីក្រ

អន្តរជាតិ

កាលពីពេលថ្មីៗនេះ លោកស្រី Kristalina Georgieva ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ IMF បានប្រាប់ទៅកាន់នាយករដ្ឋមន្ត្រីចិនថ្មី Li Qiang ថា ចិនត្រូវតែពន្លឿនការងាររបស់ពួកគេ ដើម្បីអាចសម្រេចបាននូវកិច្ចព្រមព្រៀងរចនាសម្ព័ន្ធបំណុលជាមួយប្រទេសក្រីក្រដូចជា ហ្សំប៊ី ហ្គាណា និងអេត្យូពី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី Georgieva បានជួបសំណេះសំណាលជាមួយឥស្សរជនជាន់ខ្ពស់ជាច្រើននាក់ អំឡុងពេល​បំពេញទស្សនកិច្ចទៅកាន់ប្រទេសចិនបានបង្ហើបថា អ្នកស្រីយល់ថា លោក Li ពិតជា​រស់រាយ និងងាយស្រួលក្នុងការជជែកគ្នា ហើយនាយករដ្ឋមន្ត្រីរូបនេះក៏បាន​និយាយថា ចង់ឲ្យចិន​ដើរតួ​សំខាន់ក្នុងការដោះស្រាយបញ្ហាបំណុល​សកលលោក។

គួររំលឹកដែរថា សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចជាច្រើនបានទម្លាក់កំហុសលើចិន សម្រាប់ការពន្យារពេលក្នុងការរៀបចំកិច្ចព្រមព្រៀងរៀបចំរចនាសម្ព័ន្ធឡើងវិញ សម្រាប់ប្រទេសដែលជំពាក់បំណុលខ្លាំង និងបានស្នើសុំជំនួយក្រោមក្របខណ្ឌរួម ដែលបង្កើតឡើងដោយក្រុមនៃសេដ្ឋកិច្ចធំៗចំនួន ២០។

ប៉ុន្តែអ្នកស្រី Georgieva បានបញ្ជាក់ថា ចិនគឺបានជួយខ្លាំងដល់ការសង្គ្រោះបញ្ហាបំណុល​សម្រាប់​ប្រទេស Chad និងស្រីលង្កា ដែលជាប្រទេសមានចំណូលមធ្យម មិនអាចមានសិទ្ធទទួលបាន​ជំនួយ​ពី​ក្របខណ្ឌរួម​បង្កើតឡើងដោយក្រុម G20៕