ក្រុមហ៊ុនផលិតយន្តហោះខ្នាតយក្សអឺរ៉ុបមួយ ចង់ពង្រីកមហិច្ឆតាផលិតកម្ម នៅចិនបន្ថែម

អន្តរជាតិ

ក្រុមហ៊ុនផលិតយន្តហោះខ្នាតយក្សរបស់អឺរ៉ុប Airbus បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ អំពីផែនការបង្កើនសមត្ថភាពផលិតរបស់ខ្លួនឱ្យបានទ្វេដង នៅក្នុងប្រទេសចិន ខណ:ក្រុមហ៊ុននេះ មានបំណងបោះជំហានឱ្យកាន់តែជ្រៅបន្ថែមទៀត ទៅក្នុងទីផ្សារដ៏សំខាន់បំផុតមួយ របស់ពិភពលោកមួយនេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទាំងក្រុមហ៊ុន Airbus និងដៃគូប្រជែង Boeing បានចាត់ទុកតំបន់អាស៊ី និងចិន ថាជាគោលដៅដ៏ធំបំផុតមួយរបស់ខ្លួន ដើម្បីទាញយកផលប្រយោជន៍ពីការកើនឡើងនៃតម្រូវការ លើការធ្វើដំណើរតាមផ្លូវអាកាស ជាពិសេសរបស់ក្រុមមនុស្សមានជីវភាព​ធូរធារ​ ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ។

យ៉ាងណាមិញ នាយកប្រតិបត្តិរបស់ Airbus លោក Guilaume Faury បានធ្វើការប្រកាសអំពីផែនការពង្រីកផលិតកម្មរបស់ខ្លួននេះ អំឡុងពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីបារាំង លោក Emmanuel Marcron ទៅកាន់ប្រទេសចិន ។

គួរឱ្យដឹងថាការចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងដោយ លោក Faury ដើម្បីសាងសង់រោងចក្រដំឡើងថ្មីមួយផ្សេងទៀត បន្ទាប់ពីក្រុមហ៊ុន Airbus បានបើករោងចក្រដំឡើងដំបូងរបស់ខ្លួន នៅក្នុងទីក្រុង Tianjin ប្រទេសចិន ក្នុងឆ្នាំ ២០០៩ ដោយផ្តោតទៅលើការផលិតយន្តហោះប្រភេទ A320 បានចំនួន ៦០០ គ្រឿងរួចមកហើយ គិតមកទល់ពេលបច្ចុប្បន្ន ។

ទន្ទឹមនឹងនេះ កិច្ចព្រមព្រៀងខាងលើ ក៏បានរួមបញ្ចូលទាំងការលក់យន្តហោះ Airbus ចំនួន ១៦០ គ្រឿងបន្ថែមទៀត ទៅឱ្យប្រទេសចិនផងដែរ ខណ:យន្តហោះរបស់ក្រុមហ៊ុនអឺរ៉ុបមួយនេះ កំពុងបម្រើការ ២ ១០០ គ្រឿងរួចមកហើយ នៅក្នុងប្រទេសអាស៊ីនេះ ។

ជម្រាបជូនផងដែរថា ក្រុមហ៊ុន Airbus បច្ចុប្បន្នកំពុងធ្វើប្រតិបត្តិការរោងចក្រដំឡើងចំនួន ៤ នៅទូទាំងពិភពលោក ប៉ុន្តែក្រុមហ៊ុនបានព្យាករថា មានតែរោងចក្រនៅក្នុងប្រទេសចិនប៉ុណ្ណោះ ដែលនឹងទទួលបានកំណើនផលិតកម្មខ្ពស់បំផុត ក្នុងចំណោមរោងចក្រផ្សេងទៀត ពោលគឺអាចកើនឡើង ៥,៣% ជារៀងរាល់ឆ្នាំ ក្នុងរយ:ពេល ២០ ឆ្នាំខាងមុខ៕