ទ្រព្យសម្បត្តិរបស់មហាសេដ្ឋី ២៥នាក់ បានធ្លាក់ចុះសរុបប្រមាណ ២០០ពាន់លានដុល្លារ កាលពីឆ្នាំ ២០២២ ខណៈ Jeff Bezos ទទួលរងការខាតបង់ខ្លាំងជាងគេ។ នេះបើតាមការចុះផ្សាយពី CNBC។
ដោយឡែក Forbes ក៏បានរាយការណ៍បន្ថែមថា ទាំងទំហំទ្រព្យសម្បត្តិ និងចំនួនមហាសេដ្ឋីមានការធ្លាក់ចុះ ដោយក្នុងនោះបុគ្គល ២៥៤នាក់បានរបូតងារជាមហាសេដ្ឋីកាលពីឆ្នាំទៅ ស្របពេលបច្ចុប្បន្នមានមហាសេដ្ឋីសរុប ២ ៦៤០នាក់។
គិតត្រឹមឆ្នាំ ២០២២ ស្ថាបនិក Amazon ទទួលថ្មបាក់ខ្លាំងជាងគេ ពោលទ្រព្យសម្បត្តិរបស់លោកបានរបូតអស់ប្រហែល ៥៧ពាន់លានដុល្លារ ដោយសារតម្លៃហ៊ុន Amazon ធ្លាក់ចុះដល់ទៅ ៣៨% គិតត្រឹមថ្ងៃទី ១០ មីនា។
ដោយឡែក មេធំ Tesla លោក Elon Musk ក៏ខាតបង់មិនស្ទើរដូចគ្នា ដោយបានរបូតលុយពីហោប៉ៅប្រមាណ ៣៩ពាន់លានដុល្លារ និងបាត់បង់តំណែងជាមហាសេដ្ឋីមានបំផុតលើលោកថែមទៀត៕