បច្ចុប្បន្ន មានមហាសេដ្ឋីដែលរកស៊ីលើវិស័យកាក់ឌីជីថល ឬហៅថា Cryptocurrency តែ ៩នាក់ប៉ុណ្ណោះ ជាមួយទំហំទឹកប្រាក់សរុបមានមិនដល់ ៣០ពាន់លានដុល្លារផង ហើយបើធៀបនឹងឆ្នាំទៅគឺខុសគ្នាឆ្ងាយ ដ្បិតឆ្នាំមុនមានមហាសេដ្ឋី ១៩នាក់រកស៊ីលើវិស័យមួយនេះ ជាមួយទំហំទ្រព្យសម្បត្តិ ១៤០ពាន់លានដុល្លារ។

យោងតាមការចុះផ្សាយពី Forbes បានបង្ហាញថា ស្ថាបនិកក្រុមហ៊ុន Binance លោក Changpeng Zhao នៅតែជាអ្នកមានដាច់គេលើវិស័យមួយនេះ បើទោះជារបូតទ្រព្យសម្បត្តិប្រមាណជិត ៥៥ពាន់លានដុល្លារក្ដី ពោលកាលពីឆ្នាំទៅមាន ៦៥ពាន់លានដុល្លារ ខណៈឆ្នាំនេះមានតែ ១០,៥ពាន់លានដុល្លារប៉ុណ្ណោះ។

តំណែងលេង ២វិញ បានទៅលើសហស្ថាបនិកកាក់ Ripple មានឈ្មោះ Jed McCaleb ដែលមានទ្រព្យសម្បត្តិប្រមាណ ២,៤ពាន់លានដុល្លារ បន្ទាប់ពីប្រកាសលក់កាក់ XRP របស់លោក ខណៈតំណែងលេខ៣ គឺ Brian Armstrong នាយកប្រតិបត្តិ Coinbase ដែលមានទ្រព្យសម្បត្តិ ២,២ពាន់លានដុល្លារ តិចជាងឆ្នាំទៅដែលធ្លាប់មាន ៦,៦ពាន់លានដុល្លារ។

សូមជម្រាបដែរថា រឿងអាស្រូវធំបំផុតក្នុងវិស័យមួយនេះដែលបណ្ដាលឲ្យខូចខាតធ្ងន់ធ្ងរ គឺបន្ទាប់ពីការប្រកាសក្ស័យធនរបស់ក្រុមហ៊ុន FTX ដែលមាន Sam Bankman-Fried ជាស្ថាបនិក និងមានជាប់ពាក់ព័ន្ធនឹងករណីឆបោក ខណៈអតីតមហាសេដ្ឋីម្នាក់នេះក៏ប្រឈមនឹងការជាប់ពន្ធនាគារមួយជីវិត ដ្បិតបច្ចុប្បន្នកំពុងរង់ចាំការកាត់ក្ដីដែលនឹងធ្វើឡើងនៅខែតុលាខាងមុខ៕