ថ្មីៗនេះ ធនាគារកណ្តាលម៉ាឡេស៊ី Negara Malaysia (BNM) បានបង្ហាញពីការកើនឡើងទុនបម្រុងអន្តរជាតិរបស់ខ្លួន ដល់ ១១៥,៥ពាន់លានដុល្លារ គិតនៅត្រឹមថ្ងៃទី ៣១ ខែមីនាកន្លងទៅ ពោលគឺបានកើនឡើងពីចំនួន ១១៤ពាន់លានដុល្លារ ដែលត្រូវបានកត់ត្រាកាលពីថ្ងៃទី ១៥ ខែមីនា។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន VNA ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ BNM បានបង្ហាញថា ចំនួនទុនបម្រុងនេះ គឺគ្រប់គ្រាន់ដើម្បីធ្វើការផ្តល់ហិរញ្ញប្បទានដល់ការនាំចូលទំនិញ និងផ្នែកសេវាកម្មក្នុងគ្រាបន្ទាន់ បានរយ:ពេល ៥,១ខែ ឬស្មើទៅនឹង ១,១ដង នៃបំណុលខាងក្រៅសរុបរយ:ពេលខ្លី ថែមទៀតផង ។
លើសពីនេះ BNM បានបង្ហាញឱ្យដឹងទៀតផងដែរថា ធាតុសំខាន់ៗ នៃទុនបម្រុងអន្តរជាតិរបស់ខ្លួននោះ មានដូចជាទុនបម្រុងរូបិយប័ណ្ណបរទេស (១០៣,១ពាន់លានដុល្លារ) , ទុនបម្រុងនៅក្នុងមូលនិធិរូបិយវត្ថុអន្តរជាតិ (១,៤ពាន់លានដុល្លារ) , សិទ្ធិដកប្រាក់ពិសេស (៥,៨ពាន់លានដុល្លារ) , មាស (២,៥ពាន់លានដុល្លារ) និងទ្រព្យសម្បត្តិបម្រុងផ្សេងទៀត (២,៧ពាន់លានដុល្លារ) ៕