រដ្ឋាភិបាល ប្រកាសមិនលូកដៃ ចំពោះញត្តិលើកលែងទោសអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

អន្តរជាតិ

រដ្ឋមន្ត្រីដឹកជញ្ជូនម៉ាឡេស៊ី លោក Anthony Loke នៅថ្ងៃចន្ទនេះ បាននិយាយថា ការដាក់ញត្តិស្នើសុំឱ្យមានការលើកលែងទោសពីព្រះមហាក្សត្រសម្រាប់អតីតនាយករដ្ឋមន្ត្រី Najib Razak ដែលកំពុងជាប់ពន្ធនាគារនោះ គឺមិនមែនស្ថិតនៅក្នុងជំហររបស់រដ្ឋាភិបាល នោះឡើយ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឱ្យដឹងថា លោក Najib បច្ចុប្បន្ន កំពុងជាប់ពន្ធនាគាររយ:ពេល ១២ ឆ្នាំ ក្រោយត្រូវបានតុលាការចោទប្រកាន់ អំពីការប្រព្រឹត្តិអំពើពុករលួយ ខណ:កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រុមប្រឹក្សាជាន់ខ្ពស់របស់អង្គការជាតិម៉ាឡេ (UMNO) បានយល់ព្រមជាឯកច្ឆ័ន្ទមួយ ក្នុងការស្វែងរកអ្នកគាំទ្រ រួមជាមួយព្រះមហាក្សត្រ ដើម្បីបង្ហាញពីអនុស្សរណ:មួយ ក្នុងស្នើសុំឱ្យមានលើកលែងទោស ។

ប៉ុន្តែផ្ទុយទៅវិញ លោក Loke បានលើកឡើងថា គណ:រដ្ឋមន្ត្រី មិនដែលធ្វើការពិភាក្សាអំពីរឿង លើកលែងទោសនេះនោះឡើយ។ ហើយបញ្ហានៃការលើកលែងទោសនេះ គឺមិនមែនជាជំហររបស់រដ្ឋាភិបាលផងដែរ ប៉ុន្តែវាគឺជាបញ្ហារបស់ UMNO ដែលជាគណបក្សនយោបាយ ប៉ុណ្ណោះ ។

លើសពីនេះ លោក Loke ដែលមានតំណែងជាអគ្គលេខាធិការនៃគណបក្សសកម្មភាពប្រជាធិបតេយ្យ ផងនោះ បានបន្ថែមទៀតថា រដ្ឋាភិបាល នឹងទុកបញ្ហានេះ ទៅឱ្យស្តេចម៉ាឡេស៊ី ព្រះអង្គ Al-Sultan Abdullah Ri’ayatuddin Al-Mustafa Billah Shah ដើម្បីសម្រេចលើសំណើសុំលើកលែងទោសរបស់ លោក Najib នេះ។

មិនតែប៉ុណ្ណោះ លោក Loke បានមានប្រសាសន៍បន្ថែមទៀតថា ៖ ” ការអនុញ្ញាតឬអត់ គឺនឹងអាស្រ័យទៅលើព្រះអង្គ Al-Sultan Abdullah ហើយយើងមានជំនឿចិត្តខ្ពស់ទៅលើដំណើរការ និងប្រាជ្ញារបស់ព្រះអង្គ ដើម្បីធ្វើការសម្រេចចិត្តដ៏ល្អបំផុតមួយ ទៅលើរឿងនេះ ” ៕