ក្រុមហ៊ុនមេ Fast Retailing ដែលមានបុត្រសម្ព័ន្ធជាច្រើនដូចជា Uniqlo មានក្ដីរំពឹងថា ប្រាក់ចំណេញប្រចាំត្រីមាស នឹងមានការកើនឡើងប្រមាណ ៣០%។

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា ក្រុមហ៊ុន Fast Retailing នឹងបញ្ចេញទិន្នន័យប្រាក់ចំណេញប្រចាំត្រីមាស ដែលបិទបញ្ជីត្រឹមខែកុម្ភៈ និងមានការកើនឡើង ៣០% ទៅដល់ ៩១ពាន់លានយ៉េន ឬប្រមាណ ៦៨២លានដុល្លារ។
ដោយឡែក ចំពោះការព្យាករប្រាក់ចំណេញប្រចាំឆ្នាំវិញ មានការរំពឹងថាអាចកើនដល់ ៣៤៧ពាន់លានយ៉េន ឬច្រើនជាងកាលឆ្នាំទៅ ១៧%។
មូលហេតុដែល Fast Retailing រំពឹងការកើនឡើងនៃប្រាក់ចំណេញ ដោយសារចិនទើបនឹងលុបចោលវិធានការណ៍ទប់ស្កាត់កូវីដ ១៩ និងជំរុញវិស័យអាជីវកម្មឯកជន ដូចជាបន្ធូរបន្ថយពន្ធ និងព្យាយាមអូសទាញវិនិយោគិនត្រឡប់មកវិញជាដើម។
ដូច្នេះហើយ Uniqlo ដែលមានសាខាជិត ៩០០ កន្លែងទូទាំងប្រទេសចិន មានក្ដីសង្ឃឹមថាអាចកើបលុយធំឡើងវិញ ក្រោយរងការខាតបង់ ដោយសារជំងឺរាតត្បាតរយៈពេលប៉ុន្មានឆ្នាំមកនេះ៕