ថ្មីៗនេះ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌូនេស៊ី បានបង្ហើបប្រាប់ពីផែនការ ក្នុងការបែងចែកថវិការហូតដល់ជាង ២០០ទ្រីលានរូពី (១៣,៤ពាន់លានដុល្លារ) ទៅលើសេវាថែទាំសុខភាព សម្រាប់ឆ្នាំ ២០២៤ ដើម្បីដោះស្រាយបញ្ហាក្រិន និងជំងឺរបេង នៅក្នុងប្រទេស។
បើតាមការចុះផ្សាយពី VNA បានបង្ហាញឱ្យដឹងទៀតថា ផែនការបែងចែកថវិកាចុងក្រោយនេះ គឺខ្ពស់ជាងតួលេខ ១៧៨,៧ទ្រីលានរូពី ដែលត្រូវបានកំណត់សម្រាប់ឆ្នាំ ២០២៣។ ស្របពេលនេះក៏ជាលើកដំបូងផងដែរ ក្នុងរយ:ពេល ៤ ឆ្នាំចុងក្រោយ ដែលរដ្ឋាភិបាលឥណ្ឌូនេស៊ី លែងកំណត់ថវិកាជាក់លាក់ សម្រាប់ជំងឺកូវីដ-១៩ ទៀតនោះឡើយ ។
លើសពីនេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Sri Mulyni បាននិយាយ នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីពេលកន្លងទៅថា ថវិកាបែងចែកក្នុងសេវាថែទាំសុខភាព សម្រាប់ឆ្នាំ ២០២៤ នឹងត្រូវរក្សាទុកចន្លោះពី ១៨៧,៤ទ្រីលានរូពី ទៅ ២០០,៨ទ្រីលានរូពី ។
គួរឱ្យដឹងផងដែរថា ប្រទេសឥណ្ឌូនេស៊ី បានធ្វើការចំណាយទឹកប្រាក់អស់ ១៧២,៣ទ្រីលានរួចមកហើយ លើសេវាថែទាំសុខភាព ក្នុងឆ្នាំ ២០២០ ហើយបន្ទាប់មកការចំណាយបានកើនឡើងយ៉ាងខ្លាំង ដល់ចំនួន ៣១២,៤ទ្រីលានរូពី ក្នុងឆ្នាំ ២០២១ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩ ខណ:នៅក្នុងឆ្នាំ ២០២២ ការចំណាយបានធ្លាក់ចុះមកវិញ នៅត្រឹមចំនួន ១៧៦,៧ទ្រីលានរូពី នៅពេលកូវីដ-១៩ បានធូរស្រាល៕