មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ IMF បានធ្វើការព្រមានកាលពីថ្ងៃអង្គារ៍ថា ភាពកើនឡើងនៃអតិផរណា តម្លៃម្ហូបអាហារ និងឥន្ធនៈ ក៏ដូចជាការតំឡើងការប្រាក់ កំពុងជំរុញឲ្យពិភពលោកកាន់តែប្រឈមនឹងវិបត្តិសេដ្ឋកិច្ច និងបង្កហានិភ័យដល់ទីផ្សារហិរញ្ញវត្ថុ។

យោងតាមការចុះផ្សាយពី RT បានបន្ថែមទៀតថា IMF បានទម្លាក់ការព្យាករណ៍របស់ខ្លួន និងបង្ហើបថា ប្រទេសជាច្រើនអាចនឹងធ្លាក់ក្នុងរណ្ដៅវិបត្តិសេដ្ឋកិច្ចនាឆ្នាំក្រោយ។

“មហាអំណាចសេដ្ឋកិច្ចទាំង ៣ មានសហរដ្ឋអាមេរិក ចិន និងសហភាពអឺរ៉ុប នឹងនៅតែស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចនឹងថ្កល់។ ស្ថានការណ៍អាក្រក់បំផុតនោះគឺ មនុស្សជាច្រើននឹងទទួលបានអារម្មណ៍ថា ឆ្នាំ ២០២៣នេះ គឺបានស្ថិតក្នុងវិបត្តិសេដ្ឋកិច្ច”។ នេះបើតាមសម្ដីប្រធានផ្នែកសេដ្ឋកិច្ច Pierre-Oliver Gourinchas បានអះអាង។
សូមជម្រាបដែរថា IMF បានព្យាករថា GDP សកលនឹងងើបឡើងយឺតប្រមាណ ២,៧% ប៉ុណ្ណោះនាឆ្នាំក្រោយ ដែលទាបជាងការរំពឹងទុកកាលពីខែកក្កដា ដែលមានប្រមាណ ២,៩%៕