ធនាគារពិភពលោកបានត្រៀមខ្លួនរួចស្រេច ក្នុងការជួយដល់ប្រទេសអ៊ុយក្រែនកសាងសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ប៉ុន្តែពួកគេក៏ត្រូវការជំនួយជាចាំបាច់ពីលោកខាងលិចបន្ថែម ដ្បិតទំហំការចំណាយគឺច្រើនលើសលុប។ នេះបើតាមសម្ដីប្រធានធនាគារពិភពលោក David Malpass បាននិយាយ។
ថ្លែងនៅកិច្ចប្រជុំនិទាឃរដូវរវាង World Bank និង IMF ថ្នាក់ដឹកនាំរូបនេះបន្ថែមថា កន្លងមកធនាគារពិភពលោកបានជួយដល់ឧស្សាហកម្មដែកថែបរបស់អឺរ៉ុប តាំងពីផ្ទុះសង្គ្រាមលោកលើកទី ២ ហើយក៏អាចនឹងដើរតួនាទីស្រដៀងគ្នាចំពោះបញ្ហានៅអ៊ុយក្រែនផងដែរ។
គួររំលឹកដែរថា កាលពីខែកញ្ញាឆ្នាំទៅ ធនាគារពិភពលោកបានព្យាករពីការចំណាយលើការស្ដារប្រទេសអ៊ុយក្រែនវិញដែលមានទំហំប្រមាណ ៣៤៩ពាន់លានដុល្លារ ប៉ុន្តែថ្មីៗនេះទិន្នន័យថ្មីបានបង្ហាញថា ពួកគេត្រូវការលុយយ៉ាងហោចណាស់ ៤១១ពាន់លានដុល្លារឯណោះ ដើម្បីបញ្ចប់គម្រោងមួយនេះ ដែលត្រូវការជំនួយជាចាំបាច់ពីប្រទេសលោកខាងលិច។
ទន្ទឹមនឹងនោះ សហរដ្ឋអាមេរិកក៏ធ្លាប់បង្ហើបដែរថា នឹងជួយផ្គត់ផ្គង់ដល់អ៊ុយក្រែនតាមលទ្ធភាពដែលអាចធ្វើទៅបាន ស្របពេល ដ្ឋលេខាធិការរតនាគារសហរដ្ឋអាមេរិក Janet Yellen និយាយថា អាមេរិក និងអឺរ៉ុប នឹងជួយគ្រប់បែបយ៉ាងដល់អ៊ុយក្រែនដល់ចុងឆ្នាំនេះ ហើយបើសិនជាសង្គ្រាមនៅតែបន្ត ពួកគេត្រូវស្វែងរកដៃគូបន្ថែមទៀត ដើម្បីជួយដល់អ៊ុយក្រែន។
សូមជម្រាបដែរថា កន្លងមកអាមេរិកគឺជាអ្នកជួយដល់អ៊ុយក្រែនធំបំផុត ទាំងផ្នែកសព្វាវុធ និងហិរញ្ញវត្ថុ បន្ទាប់ពីរុស្ស៊ីបើកការឈ្លានពានចូលអ៊ុយក្រែនកាលពីចុងខែកុម្ភៈឆ្នាំទៅ៕