កូរ៉េខាងត្បូង ពិន័យលុយក្រុមហ៊ុន Google ជាង ៣០លានដុល្លារ រឿងបិទហ្គេមមួយចំនួន

អន្តរជាតិ

ថ្មីៗនេះ និយតករប្រឆាំងទៅនឹងការរំលោភបំពានទំនុកចិត្ត របស់កូរ៉េខាងត្បូង បានធ្វើការពិន័យក្រុមហ៊ុន Google ក្នុងចំនួនទឹកប្រាក់ប្រមាណ ៤២,១ពាន់លានវ៉ុន (៣១,៨៨លានដុល្លារ) ជុំវិញការបិទមិនឱ្យគេស្វែងរកឃើញហ្គេម​ទូរស័ព្ទ​មួយចំនួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ គណ:កម្មការពាណិជ្ជកម្មយុត្តិធម៌កូរ៉េខាងត្បូង (KFTC) ក៏បាននិយាយផងដែរថា ក្រុមហ៊ុន Google បានបង្ហាញពីភាពមិនស្មោះត្រង់របស់ខ្លួន ដែលបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់ទីផ្សារកម្មវិធីក្នុងស្រុក ។

គួរឱ្យដឹងថា បញ្ហានេះត្រូវបានកើតឡើង នៅពេលដែលក្រុមហ៊ុនផលិតវីដេអូហ្គេម បានធ្វើការបង់ប្រាក់ត្រឹមត្រូវ ដើម្បីអាចដាក់បង្ហាញហ្គេមរបស់ពួកគេ នៅលើ Google Play ប៉ុន្តែក្រុមហ៊ុន Google គឺមិនបានបង្ហាញចំនួនហ្គេមទាំងនោះត្រឹមត្រូវនោះឡើយ ។

មិនតែប៉ុណ្ណោះ បើតាម KFTC បានបង្ហាញទៀតថា ក្រុមអ្នកបង្កើតហ្គេម ដែលបានរងផលប៉ះពាល់ដោយសកម្មភាពមិនស្មោះត្រង់ របស់ក្រុមហ៊ុន Google នោះរួមមាន Netmarble, Nexon និង NCSOFT ក៏ដូចជាក្រុមហ៊ុនតូចៗផ្សេងទៀត ។

ជម្រាបជូនផងដែរថា កាលពីឆ្នាំ ២០២១ ក្រុមហ៊ុន Google ក៏ត្រូវបានរដ្ឋាភិបាលកូរ៉េខាងត្បូងធ្វើការពិន័យជាទឹកប្រាក់ជាង ២០០ពាន់លានវ៉ុន ផងដែរ សម្រាប់ករណីទប់ស្កាត់ស្រដៀងគ្នានេះ លើប្រព័ន្ធប្រតិបត្តិការ Android ៕