កាលពីពេលថ្មីៗនេះ មហាសេដ្ឋី Keshub Mahindra ប្រធានក្រុមហ៊ុន Emeritus of Mahindra & Mahindra និងជាមហាសេដ្ឋីវ័យចំណាស់បំផុតប្រចាំប្រទេសឥណ្ឌា បានទទួលមរណភាពក្នុងវ័យ ៩៩ឆ្នាំ។
យោងតាមការចុះផ្សាយពី Forbes បានបង្ហាញថា បុរសខាងលើមានទ្រព្យសម្បត្តិប្រមាណ ១,២ពាន់លានដុល្លារ ហើយមុននឹងចែកឋានលោកក៏បានប្រគល់តួនាទីទៅកាន់ក្មួយប្រុស Anand Mahindra ជាប្រធានក្រុមហ៊ុន Mahindra Group កាលពីថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០១២ ផងដែរ។
ក្រោមការដឹកនាំរបស់លោក Mahindra ជាប្រធានក្រុមហ៊ុនរយៈពេល ៤៨ឆ្នាំកន្លងមក Mahindra Group ដែលធ្លាប់តែរកស៊ីលើវិស័យយានយន្ត បានបំបែកខ្លួនទៅលើវិស័យជាច្រើនរួមមាន វិស័យបច្ចេកវិទ្យា អចលនទ្រព្យ សេវាកម្មហិរញ្ញវត្ថុ និងផ្នែកបដិសណ្ឋារកិច្ចជាដើម។
បន្ថែមពីនោះ មហាសេដ្ឋីរូបនេះក៏ជាកូនសោសំខាន់ក្នុងការសម្រេចការក្លាយជាដៃគូសហការជាមួយក្រុមហ៊ុនលំដាប់អន្តរជាតិដូចជា Willys Corporation, Mitsubishi, International Harvester, United Technologies, Bristish Telecom និងក្រុមហ៊ុនជាច្រើនផ្សេងទៀត៕