ក្រុមហ៊ុន Apple Inc កំពុងជជែកជាមួយអ្នកផ្គត់ផ្គង់សម្ភារៈរបស់ខ្លួន ដើម្បីអាចផលិតកុំព្យូទ័រ MacBooks នៅប្រទេសថៃ បន្ទាប់ពីក្រុមហ៊ុនមានមហិច្ឆតាពង្រីកខ្លួនកាន់តែធំជាងមុន។ នេះបើតាមការចុះផ្សាយពី Nikkei។

អ្នកផ្គត់ផ្គង់ដែលកំពុងចូលរួមក្នុងកិច្ចពិភាក្សាទាំងនេះមានដូចជា រោងចក្រផលិតដែលមានស្រាប់នៅក្នុងប្រទេសថៃ ហើយក៏កំពុងជជែកគ្នាអំពីការដំឡើង និងការផលិតគ្រឿងបន្លាស់ និងម៉ូឌុលដែលអាចធ្វើទៅបានសម្រាប់ MacBooks។

គួររំលឹកដែរថា Apple ក៏បានជ្រើសយកប្រទេសថៃ ជាកន្លែងផលិតនាឡិកា Apple Watch ខ្នាតយក្សរយៈពេលច្រើនជាងមួយឆ្នាំកន្លងទៅផងដែរ។
សូមជម្រាបបន្ថែមថា Apple កំពុងសម្លឹងរកទីតាំងផ្សេងក្រៅពីប្រទេសចិន បន្ទាប់ពីក្រុមហ៊ុនផ្គត់ផ្គង់ធំបំផុតរបស់ខ្លួន Foxconn មានផលវិបាកក្នុងការបញ្ជូនសម្ភារៈផលិតទូរស័ព្ទ iPhone ទៅកាន់ប្រទេសចិន ដោយសារវិធានការរឹតបន្តឹងកូវីដនាពេលកន្លង បានធ្វើឲ្យសង្វាក់ផលិតកម្មរបស់ Apple មានការកកស្ទះជាខ្លាំង៕