ថ្មីៗនេះ រដ្ឋមន្ត្រីដឹកជញ្ជូនឥណ្ឌូនេស៊ី លោក Budi Karya Sumadi បានធ្វើការប្រកាសថា រដ្ឋាភិបាលរបស់ខ្លួន នឹងត្រៀមរៀបចំអាកាសយានដ្ឋានចំនួន ៤ បន្ថែមទៀត ដែលស្ថិតនៅជិតអាកាសយានដ្ឋាន Komodo ដើម្បីបម្រើដល់កិច្ចប្រជុំកំពូលអាស៊ាន លើកទី ៤២ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រពឹត្តិធ្វើឡើង នៅទីក្រុង Labuan Bajo ក្នុងខេត្ត East Nusa Tenggara នៅដើមខែក្រោយ។
បើតាមការចុះផ្សាយពីសារព័ត៌មាន VNA នៅថ្ងៃទី ១៣ ខែមេសានេះ បានបង្ហាញថាអាកាសយានដ្ឋានទាំង ៤ ដែលកំពុងត្រៀមទុកនោះ មានដូចជា អាកាសដ្ឋាន I Gusti Ngurah Rai នៅកោះបាលី , អាកាសយានដ្ឋាន Lombok Praya ក្នុងខេត្ត West Nusa Tenggara , អាកាសយានដ្ឋាន Sultan Hasanuddin ក្នុងខេត្ត South Sulawesi និងអាកាសយានដ្ឋាន El Tari ក្នុងខេត្ត East Nusa Tenggara ។
យ៉ាងណាមិញ សម្រាប់អាកាសយានដ្ឋានទាំងនេះ នឹងត្រូវប្រើប្រាស់ សម្រាប់ធ្វើជាកន្លែងចតយន្តហោះរបស់គណ:ប្រតិភូ ពេលទៅកិច្ចប្រជុំ និងគាំទ្រដល់សកម្មភាពផ្សេងៗទៀត រួមទាំងគយ កន្លែងធ្វើចត្តាឡីស័ក និងអន្តោប្រវេសន៍ ក៏ជាធ្វើជាចំណតសម្រាប់ឧទ្ធម្ភាគចក្រសង្គ្រោះបន្ទាន់ ផងដែរ ។
លើសពីនេះ រដ្ឋមន្ត្រីលោក Sumadi បាននិយាយទៀតថា វិស័យដឹកជញ្ជូនរបស់ឥណ្ឌូនេស៊ី បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីគាំទ្រ និងរួមចំណែកដល់ភាពជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខ ពោលគឺដូចដែលប្រទេសនេះ ធ្លាប់បានជោគជ័យទៅលើកិច្ចប្រជុំកំពូល G20 នៅលើកោះបាលី ក្នុងឆ្នាំ ២០២២ កន្លងទៅដែរ ៕