រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក Joseph Wu បានប្រាប់ទៅកាន់សារព័ត៌មាន CNN កាលពីថ្ងៃអង្គារថា សមយុទ្ធយោធាលើកចុងក្រោយបំផុតរបស់ប្រទេសចិន នៅជុំវិញកោះតៃវ៉ាន់ ដែលរួមមានទាំងការអនុវត្តបាញ់គ្រាប់ពិត និងការប្រកាសបិទទឹកដីកោះរបស់ខ្លួន ក្រោមលក្ខខណ្ឌប្រយុទ្ធជាក់ស្តែង កំពុងតែបង្ហាញយ៉ាងច្បាស់ថា រដ្ឋាភិបាលទីក្រុងប៉េកាំង កំពុងព្យាយាមត្រៀមខ្លួនរួចស្រេចហើយ សម្រាប់សង្គ្រាម ។
យ៉ាងណាមិញ លោក Wu បាននិយាយថា ៖ ” ក្រឡេកមើលសមយុទ្ធយោធា រួមទាំងវោហាសាស្រ្តរបស់ពួកគេ ហាក់ដូចជាកំពុងស្តែងបញ្ជាក់ថា ពួកគេកំពុងព្យាយាមត្រៀមខ្លួនរួចស្រេចហើយ ដើម្បីធ្វើសង្គ្រាមប្រឆាំងទៅនឹងកោះតៃវ៉ាន់ “។
ទន្ទឹមនឹងនេះ លោក Wu ក៏បានបន្ថែមទៀតថាកោះតៃវ៉ាន់របស់ខ្លួន នឹងធ្វើការថ្កោលទោស ចំពោះការគម្រាមកំហែងពីសំណាក់រដ្ឋាភិបាលចិន ដោយលើកឡើងទៀតថា ៖ ” មេដឹកនាំចិន គួរតែគិតឱ្យបាន ២ ដងសិន មុនពេលពួកគេសម្រេចចិត្តប្រើកម្លាំង ប្រឆាំងនឹងពួកយើង ” ។
ដោយឡែក ក្រុមអ្នកវិភាគ បាននិយាយថា សមយុទ្ធយោធារយ:ពេល ៣ថ្ងៃ ដែលបានធ្វើឡើងចាប់ពីថ្ងៃសៅរ៍ ដល់ថ្ងៃចន្ទ បានបង្ហាញថារដ្ឋាភិបាលទីក្រុងប៉េកាំង កំពុងបង្ហាញពីភាពច្បាស់ការរបស់ពួកគេ ទៅលើលទ្ធភាពក្នុងការកាត់ផ្តាច់កោះតៃវ៉ាន់ ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យនៅក្នុងជម្លោះ ” ។
គួរឱ្យដឹងថា បើទោះបីជាសមយុទ្ធរយៈពេលបីថ្ងៃរបស់ចិន ដែលត្រូវបានបញ្ចប់កាលពីថ្ងៃចន្ទ ហាក់មិនមានភាពខ្លាំងក្លា ដូចអ្វីដែលបានកើតឡើង នៅក្នុងខែសីហា ឆ្នាំ ២០២២ អំឡុងពេលតវ៉ាចំពោះដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ទៅកាន់ទីក្រុងតៃប៉ិក៏ដោយ តែប្រទេសចិន បានប្រើប្រាស់ការសមយុទ្ធលើកចុងក្រោយនេះ ដើម្បីបង្ហាញពីសមត្ថភាពរបស់ខ្លួន ទាំងនៅលើដែនអាកាស និងសមុទ្រ៕