ក្រុមហ៊ុនមហាសេដ្ឋីអាមេរិក បន្តលក់ចេញភាគហ៊ុនតម្លៃជិត ៧០ លានដុល្លារ នៅ BYD

អន្តរជាតិ

ថ្មីៗនេះ ក្រុមហ៊ុនវិនិយោគ Berkshire Hathaway របស់មហាសេដ្ឋីអាមេរិក លោក Warren Buffett បានលក់ចេញភាគហ៊ុន ដែលចុះបញ្ជីនៅទីផ្សារហ៊ុនហុងកុង ចំនួន ២,៤៨ លានហ៊ុន នៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សចិន BYD ក្នុងតម្លៃ ៥៣៩,៩ លានដុល្លារហុងកុង (៦៨,៧៨លានដុល្លារ) ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន AsiaFinancial ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឱ្យដឹងថា ការលក់ភាគហ៊ុនចុងក្រោយ ដែលត្រូវបានប្រកាសនៅថ្ងៃទី ៣១ ខែមីនាកន្លងទៅ បានកាត់បន្ថយការកាន់កាប់ភាគហ៊ុនសរុបរបស់ Berkshire នៅក្នុងក្រុមហ៊ុន BYD មកនៅត្រឹម ១០,៩% ប៉ុណ្ណោះ ពី ១១,១៣% ។

យ៉ាងណាមិញ សម្រាប់ការលក់នេះ គឺជាផ្នែកមួយនៃការផ្លាស់ប្តូរជាបន្តបន្ទាប់របស់ក្រុមហ៊ុន Berkshire ដែលបានចាប់ផ្តើមលក់ភាគហ៊ុនរបស់ខ្លួន នៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីកំពូលរបស់ចិន ចាប់តាំងពីចុងខែសីហា ឆ្នាំមុនមកម្លេះ ខណ:ពេលនោះ ក្រុមហ៊ុនរបស់មហាសេដ្ឋី Warren Buffett កាន់កាប់ភាគហ៊ុនសរុបរហូតដល់ទៅ ២០,៤៩% ។

ជម្រាបជូនផងដែរថា BYD បានរីកចម្រើនយ៉ាងឆាប់រហ័ស និងវិវត្តន៍ខ្លួនក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំបំផុតមួយរបស់ពិភពលោក នៅក្នុងឆ្នាំ ២០២២ ហើយកាលពីខែមុន ក្រុមហ៊ុនចិនមួយនេះ បានរាយការណ៍ពីការកើនឡើងដល់ទៅ ១១ ដងនៃប្រាក់ចំណេញរបស់ខ្លួន សម្រាប់ត្រីមាសទី ៤ ។

ដោយឡែកសម្រាប់ការផ្លាស់ប្តូររបស់ក្រុមហ៊ុន Berkshire នេះ គឺកើតឡើងចំពេលមានសង្រ្គាមបច្ចេកវិទ្យារវាងប្រទេសចិន និងសហរដ្ឋអាមេរិក និងការព្រួយបារម្ភកាន់តែខ្លាំងឡើង ជុំវិញការផ្តាច់ទំនាក់ទំងផ្នែកហិរញ្ញវត្ថុ រវាងប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក ទាំងពីរនេះ ៕