អាជ្ញាធរហូជីមិញគ្រោងចាយលុយជាង ៤០០លានដុល្លារ កាត់បន្ថយភាពក្រីក្រក្នុងតំបន់

អន្តរជាតិ

កាលពីពេលថ្មីៗនេះ អាជ្ញាធរទីក្រុងហូជីមិញ ហៅកាត់ HCMC បានបញ្ចេញគម្រោងការ​ធំមួយ​គឺ ចាយលុយប្រមាណ ១០,២ ទ្រីលានដុង ឬប្រហែល ៤៣៥លានដុល្លារ ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​នៅ​ក្នុងឆ្នាំនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ការចុះផ្សាយពី VNEXPRESS បានបង្ហាញថា អាជ្ញាធរក្រុងហូជីមិញនឹងនឹងផ្តល់ជូននូវកញ្ចប់ឥណទានដែលមានតម្លៃប្រហែល ១,៧ ទ្រីលានដុង (៧២,២ លានដុល្លារអាមេរិក) ក្នុងអត្រាការប្រាក់អនុគ្រោះ ជិត ៤២០ពាន់លានដុង (១៧,៨ លានដុល្លារ) ជាជំនួយឥតសំណង និង ១៦ពាន់លានដុង (៦៧៩ ២០០ដុល្លារ) នៅក្នុងកម្មវិធីកាត់បន្ថយភាពក្រីក្រ ប្រកបដោយនិរន្តរភាពនៅគ្រប់កម្រិតទាំងអស់។

ដោយឡែក Le Van Thinh អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំទីក្រុងសម្រាប់កម្មវិធីកាត់បន្ថយភាពក្រីក្រដោយចីរភាពបានបង្ហើបថា ទីក្រុងមានគោលបំណងកាត់បន្ថយចំនួនគ្រួសារក្រីក្រចំនួន ០,៣៨% និងចំនួនគ្រួសារជិតក្រីក្រចំនួន ០,២៨% និងបង្កើនប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ៗរបស់ប្រជាជនក្រីក្រ។

គួររំលឹកដែរថា ស្តង់ដារភាពក្រីក្រនៃទីក្រុងហូជីមិញចន្លោះឆ្នាំ ២០២១-២០២៥ កំណត់ដោយ​គ្រួសារក្រីក្រ​ជាមធ្យម​មានចំនូលទាបជាង ៣៦លានដុង ឬ ១ ៥៣០ដុល្លារសម្រាប់មនុស្សម្នាក់​ក្នុង​រយៈពេលមួយឆ្នាំ ខណៈគ្រួសារជិតក្រីក្រ​ត្រូវមានចំណូលចន្លោះពី ៣៦លានដុង ដល់ ៤៦លានដុង (១ ៩៥០ដុល្លារ)។

សូមជម្រាបដែរថា គិតត្រឹមដំណាច់ឆ្នាំកន្លងទៅ ទីក្រុងទាំងមូលមានគ្រួសារក្រីក្រជាង ២១ ៣០០ គ្រួសារ និងគ្រួសារជិតក្រីក្រចំនួន ១៨ ០៦៨ ដែលស្មើនឹង ០,៨៤% និង ០,៧១% នៃគ្រួសារសរុបរបស់ទីក្រុង៕