សេដ្ឋកិច្ចប្រទេសចិនមានការងើបឡើងយ៉ាងឆាប់រហ័ស ពោលគឺកើនឡើងខ្លាំងលើសការរំពឹងទុក សម្រាប់ត្រីមាសទីមួយ ដោយកើនបានប្រហែល ៤,៥% បើធៀបនឹងឆ្នាំទៅ។ នេះបើតាមទិន្នន័យផ្លូវការពីរដ្ឋាភិបាល។
ដោយឡែក យោងតាមការស្ទង់មតិពី Reuters នាពេលកន្លងធ្លាប់បានព្យាករណ៍ថា ទំហំសេដ្ឋកិច្ចនៃប្រទេសចិននឹងអាចកើនដល់ ៤% ខណៈនៅត្រីមាសទី ៤ នឹងកើនខ្លាំងដល់ ២,៩%។
ចំពោះការងើបឡើងដ៏ខ្លាំងនៃទំហំសេដ្ឋកិច្ចនេះ គឺដោយសាររដ្ឋាភិបាលយកចិត្តទុកដាក់ជាពន់ពេកជាមួយនឹងយន្តការពង្រីកសេដ្ឋកិច្ច ក្រោយជួបវិបត្តិជំងឺរាតត្បាតកូវីដ ១៩ នាពេលកន្លង ស្របពេលនាយករដ្ឋមន្ត្រីថ្មីអះអាងថា នឹងចូលរួមសហការជាមួយក្រុមហ៊ុនឯកជនទាំងឡាយ ដើម្បីស្ដារសេដ្ឋកិច្ចមហាអំណាចអាស៊ីឡើងវិញ។
ជាលទ្ធផល តម្រូវការក្នុងស្រុកទទួលបានសន្ទុះល្អឡើងវិញ ស្របពេលវិនិយោគិនបរទេសធំៗក៏កំពុងសម្លឹងរកឱកាសល្អវិលមករកទីផ្សារស្រុកចិន ដ្បិតវិបត្តិហិរញ្ញវត្ថុនៅលោកខាងលិចកំពុងធ្វើឲ្យក្រុមវិនិយោគិនជាច្រើន មានការព្រួយបារម្ភជាខ្លាំង៕