ស្ថាបនិកក្រុមហ៊ុន Meta Platforms Inc និងជានាយកប្រតិបត្តិ Mark Zuckerberg មិនទទួលបានការតំឡើងប្រាក់ខែ ឬប្រាក់លើកទឹកចិត្តអ្វីឡើយកាលពីឆ្នាំទៅ ប៉ុន្តែប្រាក់សំណងពីក្រុមហ៊ុនសម្រាប់លោកបានកើនឡើងច្រើនជាង ២៧លានដុល្លារ។
យោងតាមការចុះផ្សាយពី MarketWatch បានបង្ហាញថា ប្រាក់ខែគោលរបស់ Mark គឺនៅតែដូចដើម ពោលគឺ ១ដុល្លារ តាំងពីឆ្នាំ ២០២០ និង ២០២១ ខណៈលោកក៏មិនទទួលបានប្រាក់លើកទឹកចិត្ត ឬក៏ភាគហ៊ុនបន្ថែមអ្វីឡើយ។
ប៉ុន្តែប្រាក់សំណងប្រចាំឆ្នាំ ២០២២ របស់លោកកើនឡើងពី ២៦,៨២ ដល់ ២៧,១១លានដុល្លារ ដោយសារការប្រើប្រាស់យន្តហោះផ្ទាល់ខ្លួន។
ប្រាក់សំណងនោះ រ៉ាប់រងលើការចំណាយសម្រាប់កងអង្គរក្សផ្ទាល់ខ្លួនប្រមាណ ១៤,៨២លានដុល្លារ និង ១០លានដុល្លារទៀតសម្រាប់ការការពារបន្ថែមលើក្រុមគ្រួសាររបស់មហាសេដ្ឋីអាមេរិករូបនេះ។
ដោយឡែក ការប្រើប្រាស់យន្តហោះផ្ទាល់ខ្លួនរបស់លោកវិញ កើនឡើងប្រហែលជាង ៦សែនដុល្លារ ពោលកើនពី ១,៦៣លានដុល្លារ ទៅដល់ ២,២៨លានដុល្លារ ខណៈការចំណាយលើការប្រើប្រាស់យន្តហោះឯកជនរួមមាន ថ្លៃដឹកអ្នកដំណើរ ថ្លៃប្រេងឥន្ធនៈ បុគ្គលិក និងថ្លៃម្ហូបអាហារជាដើម៕