ក្រុមហ៊ុន Meta ប្រកាសរកបុគ្គលិកមានសមត្ថភាព ហ៊ានចាយលុយដល់ជិត ១លានដុល្លារ

អន្តរជាតិ

កាលពីពេលថ្មីៗនេះ​ ក្រុមហ៊ុនមេ Facebook គឺ Meta Platforms Inc បានប្រកាស​ជ្រើសរើស​បុគ្គលិក ដែលមានសមត្ថភាព​ជាមួយ​ការងារ​ដែល​មហាសេដ្ឋី Mark Zuckerberg កំពុង​ចាយលុយ​រាប់សិបពាន់លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការងារដែល Meta ​កំពុង​ខ្នះខ្នែងរកបុគ្គលិកនោះគឺ​ទាក់ទង​នឹង​បច្ចេកវិទ្យា​ពិភពនិម្មិត (VR) ហើយ​ក្រុមហ៊ុន​ក៏​ហ៊ានចាយ​លុយ​ច្រើន​ផងដែរ ពោល​ហ៊ាន​ចំណាយ​សម្រាប់​ប្រាក់​ប្រចាំ​ឆ្នាំ​ចំពោះ​បុគ្គលិក​ចន្លោះពី ៦០០ ០០០ ដល់ជិត ១លានដុល្លារឯណោះ។ នេះបើតាម​ការចុះផ្សាយពី Washington Post។

គួររំលឹកដែរថា Meta បាន​ចាក់លុយរាប់​សិបពាន់លានដុល្លារ​លើ​គម្រោង VR នេះ ពោលកាលពីឆ្នាំ​២០២១ ចាយលុយ ១០ពាន់លានដុល្លារ ហើយឆ្នាំទៅ​ចាយ​អស់​ជិត ១៦ពាន់លានដុល្លារ លើផ្នែក Reality Labs ប៉ុន្តែគម្រោងមួយ​នេះ​នៅ​មិនទាន់​ជោគជ័យ ហើយ​ក៏​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ខាតបង់​ប្រាក់​ប្រហែល ១៩ពាន់លានដុល្លារ ក្នុង​រយៈពេល ២ឆ្នាំចុងក្រោយ​នេះ។

សូមជម្រាបបន្ថែមថា ទំហំចំណាយ​ដែល Meta ហ៊ានចាយ​នោះគឺ ច្រើនលើសពី​ក្រុមហ៊ុន​គូ​ប្រជែង​ដទៃ ដូចជា​ក្រុមហ៊ុន Apple Inc ហ៊ានចាយ​ត្រឹម​តិចជាងកន្លះលានដុល្លារ ស្របពេល Alphabet Inc ចាយត្រឹម ៤៤០ ០០០ដុល្លារប៉ុណ្ណោះ សម្រាប់​តំណែង​កំពូល​នៃអ្នកអភិវឌ្ឍន៍ VR។​

ដោយឡែក ចំពោះការហ៊ានចាយទុន​ច្រើន​របស់ Meta ក៏ធ្វើ​ឲ្យ​ក្រុមហ៊ុនតូចៗ​មាន​ផល​វិបាក​ ដ្បិតនាយកប្រតិបត្តិម្នាក់មកពីក្រុមហ៊ុនហ្គេមតូចមួយបាននិយាយថា គាត់មិនអាចជួលអ្នកអភិវឌ្ឍន៍ជាន់ខ្ពស់កាលពីឆ្នាំមុនបាន ព្រោះ Meta បានផ្តល់ប្រាក់ដល់បេក្ខជនចំនួន ៨០០ ០០០​ ដុល្លារក្នុងមួយឆ្នាំ ជាមួយនឹងប្រាក់រង្វាន់ពីការអនុវត្តដែលអាចឃើញសំណងសរុបកើនឡើងដល់ប្រហែល ១លានដុល្លារ៕