ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន មានបំណងចង់ធ្វើទស្សនកិច្ចទៅកាន់ ២តំបន់នៅប្រទេសអ៊ុយក្រែន ដែលរុស្ស៊ីធ្លាប់អះអាងថាបានកាត់បញ្ចូលជាតំបន់របស់ខ្លួនកាលពីឆ្នាំទៅ។
យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា តំបន់ដែលពូទីនមានបំណងចង់បំពេញទស្សនកិច្ចនោះគឺ Kherson និង Luhansk ដើម្បីចូលរួមកិច្ចប្រជុំជាមួយមេបញ្ជាការយោធា ហើយក៏នឹងបំពេញទស្សនកិច្ចនៅទីស្នាក់ការឆ្មាំជាតិនាពេលក្រោយ។
គួររំលឹកដែរថា បើទោះជារុស្ស៊ីអះអាងថាពួកគេបានកាត់យកតំបន់ Kherson, Zaporizhzhia និង Luhansk ប៉ុន្តែអ៊ុយក្រែននិងសម្ព័ន្ធមិត្តលោកខាងលិច ទាត់ចោលសេចក្ដីប្រកាសមួយនោះ ខណៈបច្ចុប្បន្នកងកម្លាំងរុស្ស៊ីកំពុងគ្រប់គ្រងនៅផ្នែកមួយនៃតំបន់ទាំងនោះ។
សូមជម្រាបដែរថា កន្លងមកលោក ពូទីន កម្រធ្វើទស្សនកិច្ចទៅកាន់តំបន់អ៊ុយក្រែនដែលរុស្ស៊ីអះអាងថាបានកាត់យកនោះឡើយ បើទោះជាមេដឹកនាំលោកខាងលិចសម្រុកមកបំពេញទស្សនកិច្ចនៅទីនោះក្ដី ពោលកាលពីខែមុនលោកទើបតែបំពេញទស្សនកិច្ចទៅកាន់តំបន់ Crimea និងទីក្រុង Mariupol ប៉ុណ្ណោះ៕