នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook គ្រោងនឹងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅពេលធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសនេះ ដើម្បីបើកសម្ពោធហាងលក់រាយដំបូងរបស់ខ្លួន ក្នុងសប្តាហ៍នេះ ។
បើតាមការចុះផ្សាយពី AsiaFinancial បានបង្ហាញឱ្យដឹងថា ដំណើរទស្សនកិច្ចនេះ គឺដើម្បីបើកសម្ពោធហាងផ្លូវការរបស់ក្រុមហ៊ុន Apple ដំបូងគេ នៅទីក្រុងបុមបៃ និងញូវដេលី នៅក្នុងសប្តាហ៍នេះ ស្របពេលលោក Cook ក៏ចង់បញ្ជាក់ពីមហិច្ឆតារបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសឥណ្ឌាផងដែរ ។
ប្រភពខាងលើ បានអះអាងផងដែរថា លោក Cook នឹងជួបជាមួយលោក Modi នៅថ្ងៃពុធនេះ ក្នុងទីក្រុងញូវដេលី ខណ:មេធំរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់សហរដ្ឋអាមេរិករូបនេះ ក៏នឹងបន្តជួបជាមួយអនុរដ្ឋមន្ត្រីព័ត៌មានវិទ្យាឥណ្ឌា លោក Rajeev Chandrasekhar ផងដែរ។
គួរឱ្យដឹងថា កិច្ចប្រជុំរបស់លោក Cook គឺបានកើតឡើង ចំពេលដែលក្រុមហ៊ុន Apple កំពុងតែព្យាយាមផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំង ទៅលើប្រទេសឥណ្ឌា ដែលជាទីផ្សារស្មាតហ្វូនធំបំផុតទី ៣ របស់ពិភពលោក ។
បើតាមទិន្នន័យផ្លូវការមួយ បានបង្ហាញថាស្មាតហ្វូនមានតម្លៃប្រហែល ៩ពាន់លានដុល្លារ ត្រូវបាននាំចេញពីប្រទេសឥណ្ឌា នៅចន្លោះខែមេសា ឆ្នាំ ២០២២ ដល់ខែកុម្ភ: ឆ្នាំ ២០២៣ នេះ ហើយក្នុងនោះមានទូរស័ព្ទ iPhone ច្រើនជាង ៥០% ។
ជម្រាបជូនផងដែរថា រហូតមកដល់ពេលនេះ Apple បានលក់ផលិតផលរបស់ខ្លួន នៅក្នុងប្រទេសឥណ្ឌា តាមរយ:ដៃគូហាងលក់បន្ត ឬតាមរយ:គេហទំព័រពាណិជ្ជកម្មអនឡាញ ដូចជា Amazon ជាដើម ខណ:នៅក្នុងប្រទេសនេះ ទូរស័ព្ទ iPhone ត្រូវបានដំឡើងដោយក្រុមហ៊ុនជាប់កិច្ចសន្យាចំនួន ៣ របស់ Apple ដែលមានដូចជា Foxconn, Wistron Corp និង Pegatron Corp ៕