ថ្មីៗនេះ ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ អាស៊ាន លោក Kiya Masahiko បាននិយាយថា រដ្ឋាភិបាលទីក្រុងតូក្យូបានធ្វើការប្តេជ្ញាចិត្តថា នឹងចូលរួមក្នុងការវិនិយោគទឹកប្រាក់ចំនួន ៥០លានដុល្លារ ដើម្បីកាសាងមជ្ឈមណ្ឌលមួយនៅក្នុងតំបន់អាស៊ាន សម្រាប់បម្រើដល់វិស័យសុខភាពសាធារណ: និងបង្ការជំងឺ (ACPHEED) ។
ដោយនិយាយនៅក្នុងអំឡុងបទសម្ភាសជាមួយទីភ្នាក់ងារសារព័ត៌មានជាតិ Antara របស់ឥណ្ឌូនេស៊ី លោក Kiya បានលើកឡើងថា សុខភាពសាធារណ:គឺស្ថិតនៅក្នុងចំណោមគោលដៅអាទិភាពរបស់ជប៉ុន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសខ្លួន ជាមួយអាស៊ាន ។
លើសពីនេះ ឯកអគ្គរដ្ឋទូតជប៉ុនរូបនេះ បានសង្កត់ធ្ងន់ទៀតថា គោលដៅសំខាន់របស់ជប៉ុន គឺផ្តោតលើការដោះស្រាយហានិភ័យ ដែលអាចកើតមានលើគ្រប់វិស័យ រួមទាំងវិស័យសុខភាពសាធារណ:ផងដែរ។ ហើយលោកក៏បានបន្ថែមទៀតថា បើទោះបីជាស្ថានភាពជំងឺរាតត្បាតកូវីដ-១៩ មានភាពធូស្បើយច្រើនក៏ដោយ ប៉ុន្តែវានៅតែអាចកើតមានឡើងវិញ ហើយប្រទេសនានាក្នុងតំបន់ ត្រូវតែរៀបចំខ្លួនឱ្យបានល្អជានិច្ច ។
មិនតែប៉ុណ្ណោះ លោក Kiya បាននិយាយថា ប្រទេសជប៉ុន សង្ឃឹមថា ACPHEED អាចនឹងត្រូវដាក់ឱ្យដំណើរការ ក្នុងពេលឆាប់ៗខាងមុខនេះ ស្របពេលមជ្ឈមណ្ឌលនេះ ត្រូវបានរំពឹងទុកថាអាចនឹងមានសមត្ថភាព ក្នុងការពង្រឹងតំបន់អាស៊ាន ដើម្បីត្រៀមខ្លួនបង្ការ ទប់ស្កាត់ និងឆ្លើយតប ទៅនឹងភាពអាសន្នផ្នែកសុខភាពសាធារណ: និងជំងឺដែលកំពុងកើតមាន ៕