កាលពីពេលថ្មីៗនេះ មហាសេដ្ឋី Elon Musk បានគម្រាមថា នឹងដាក់ពាក្យបណ្ដឹងទៅកាន់ក្រុមហ៊ុនមហាសេដ្ឋី Bill Gates គឺ Microsoft បន្ទាប់ពីចោទថា ពួកគេបានលួចប្រើប្រាស់ទិន្នន័យ Twitter ដោយខុសច្បាប់។
យោងតាមការចុះផ្សាយពី TheVerge បានបង្ហាញថា ការចោទប្រកាន់របស់ Musk មិនមានភាពច្បាស់លាស់ឡើយ ប៉ុន្តែទំនងជាទាក់ទងនឹងការប្រើទិន្នន័យ Twitter ទៅបង្កើតកម្មវិធី AI ដូចជា Bing, Edge និង Microsoft 365 ជាដើម។
មកទល់ពេលនេះ មិនមានតម្រុយជាក់លាក់បញ្ជាក់ថា Elon Musk នឹងដាក់ពាក្យប្ដឹងផ្ដល់ទៅកាន់ Microsoft ឡើយ ដ្បិតកន្លងមកមហាសេដ្ឋីរូបនេះក៏ធ្លាប់ប្រើពាក្យគម្រាមបែបនេះដូចគ្នា ប៉ុន្តែមិនដែលធ្វើតាមសម្ដីរបស់ខ្លួនឡើយ។
សូមជម្រាបដែរថា ការគម្រាមរបស់ Elon Musk កើតមានឡើង ក្រោយ Microsoft ប្រកាសឈប់គាំទ្រ Twitter ពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៣ នេះតទៅ ដោយមិនបន្តបង់ប្រាក់លើសេវាកម្ម API របស់ Twitter តទៀត។
ដោយឡែក ចំពោះវិធានការបង់ប្រាក់ថ្មីរបស់ Twitter ក្រុមហ៊ុនធំៗដូចជា Microsoft ត្រូវបង់ប្រាក់ប្រមាណ ៤២ ០០០ ដុល្លារប្រចាំខែ ដើម្បីអាចប្រើប្រាស់សេវាកម្ម API បាន ហើយវិធានការមួយនេះក៏ធ្វើឲ្យក្រុមហ៊ុនតូចៗជាច្រើន បោះបង់ប្រព័ន្ធផ្សព្វផ្សាយ Twitter ដូចគ្នា ដោយសារគ្មានលទ្ធភាពបង់ប្រាក់លើសេវាកម្មមួយចំនួន៕