ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Apple អាចនឹងបន្ថែមការវិនិយោគនៅក្នុងប្រទេសឥណ្ឌា ២ ឬ ៣ដង ជាមួយនឹងផែនការនាំចេញផលិតផលនាប៉ុន្មានឆ្នាំបន្ទាប់។ នេះបើតាមសម្ដីរដ្ឋមន្ត្រីម្នាក់បាននិយាយ ចំពេលក្រុមហ៊ុនយក្សមួយនេះបើកសាខាទី ២ នៅទីផ្សារទូរស័ព្ទធំបំផុតលើលោកមួយនេះ។

“ខ្ញុំពិតជាមានជំនឿចិត្តយ៉ាងខ្លាំងថា កិច្ចសហការរវាង Apple និងឥណ្ឌា មានសក្ដានុពលខ្លាំងសម្រាប់ការវិនិយោគ ភាពរីកចម្រើន ការនាំចេញ និងការងារ ដែលអាចកើនឡើងប្រហែល ២ ឬ៣ដងនាប៉ុន្មានឆ្នាំបន្ទាប់”។ នេះបើតាមសម្ដីរបស់អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន Rajeev Chandrasekhar។

ការលើកឡើងរបស់លោក Rajeev ធ្វើឡើង បន្ទាប់ពីចូលប្រជុំជាមួយមេធំ Apple លោក Tim Cookនៅឯរដ្ឋធានី New Delhi ស្របពេល CEO ម្នាក់នេះក៏បានបង្ហើបប្រាប់នាយករដ្ឋមន្ត្រី Narendra Modi ថា Apple ប្ដេជ្ញាចិត្តពង្រីក និងបន្ថែមការវិនិយោគទូទាំងប្រទេស។
សូមជម្រាបដែរថា Apple បាននឹងកំពុងព្យាយាមធ្វើឱ្យប្រទេសឥណ្ឌាក្លាយជាមូលដ្ឋានផលិតកម្មធំជាងមុន ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន។ ផលិតផលរបស់ខ្លួនរួមទាំង iPhone កំពុងត្រូវបានប្រមូលផ្ដុំនៅក្នុងប្រទេសឥណ្ឌាដោយក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិករបស់តៃវ៉ាន់ Foxconn និង Wistron Corp៕