ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តកំពូលរបស់អាល្លឺម៉ង់ Volkswagen បានបង្ហាញឱ្យដឹងថា ការលក់របស់ខ្លួន នៅក្នុងត្រីមាសទី ១ ឆ្នាំនេះ បានកើនឡើងយ៉ាងខ្លាំង ជាពិសេសត្រូវបានជំរុញដោយការលក់រថយន្តអគ្គិសនី បើទោះបីជាអាជីវកម្មរបស់ខ្លួន នៅក្នុងប្រទេសចិនធ្លាក់ចុះក៏ដោយ ។
បើតាមការចុះផ្សាយពីសារព័ត៌មាន CNA នៅថ្ងៃទី ២១ ខែមេសា នេះ បានបង្ហាញឱ្យដឹងថា ការចែកចាយរថយន្តរបស់ក្រុមហ៊ុន Volkswagen បានកើនឡើង ៧,៥% ដល់ចំនួន ២,០៤ លានគ្រឿង បើធៀបនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន ។
មិនតែប៉ុណ្ណោះ Volkswagen បានបង្ហាញទៀតផងដែរថា ការលក់រថយន្តអគ្គិសនី ឬ BEVs របស់ពួកគេ បានកើនឡើង ៤២% ដល់ចំនួន ១៤១ ០០០ គ្រឿង ខណ:ភាគច្រើននៃរថយន្ត BEVs ទាំងនោះ ត្រូវបានលក់នៅតំបន់អឺរ៉ុប ។
ជម្រាបជូនផងដែរថា ការលក់រថយន្តរបស់ក្រុម Volkswagen បានកើនឡើងខ្ពស់ស្ទើតែគ្រប់តំបន់ លើកលែងតែប្រទេសចិន ដោយការលក់នៅទីនោះ បានធ្លាក់ចុះ ១៤% បើធៀបទៅនឹងត្រីមាសទីមួយ កាលពីឆ្នាំមុន ស្របពេលការលក់ នៅតំបន់អឺរ៉ុបកណ្តាល និងខាងកើត ក៏បានធ្លាក់ចុះ ៥,៨% ផងដែរ ៕