ថៃ ដាក់គោលដៅនាំចេញផ្លែឈើ ឱ្យបានជាង ៤,៤ លានតោន នៅឆ្នាំនេះ

អន្តរជាតិ

ថ្មីៗនេះ ក្រសួងពាណិជ្ជកម្មថៃ បានកំណត់គោលដៅក្នុងការបង្កើនឱ្យបាន ១០% ចំពោះការនាំចេញផ្លែឈើស្រស់ និងកែច្នៃរបស់ខ្លួន ឱ្យដល់ចំនួន ៤,៤៤ លានតោន នៅឆ្នាំ ២០២៣ នេះ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការដាក់ចេញគោលដៅថ្មីៗនេះ ប្រទេសថៃ ក៏រំពឹងទុកខ្ពស់ផងដែរថា នឹងអាចបង្កើនតម្លៃនាំចេញផ្លែទុរេនរបស់ខ្លួន ឱ្យដល់ ១០០ពាន់លានបាត (២,៩ពាន់លានដុល្លារ) នៅឆ្នាំនេះ ។

អ្នកនាំពាក្យស្តីទីរបស់រដ្ឋាភិបាលថៃ លោក Anucha Burapachaisri បាននិយាយថា ក្រសួងពាណិជ្ជកម្ម រួមទាំងក្រសួងកសិកម្ម សហករណ៍ ក៏ដូចជាទីភ្នាក់ងារទាំងសាធារណ: និងឯកជន បានសម្របសម្រួលក្នុងការស្នើសុំវិធានការចំនួន ២២ ដើម្បីអាចឈានដល់គោលដៅនាំចេញនេះ ។

យ៉ាងណាមិញ ជុំវិញវិធានការនេះ ត្រូវបានគេរំពឹងថា នឹងអាចដោះស្រាយបញ្ហានានាទាក់ទងជាមួយនឹងតម្លៃផ្លែឈើ និងកង្វះបរិមាណ ព្រមទាំងការសម្រេចបាននូវគោលដៅនាំចេញ ដោយផ្តោតទៅលើចំណុចសំខាន់ៗ ដូចជា ផលិតកម្ម ទីផ្សារក្នុងស្រុក ការស្វែងរកទីផ្សារថ្មីនៅបរទេស និងការចរចាជាមួយដៃគូពាណិជ្ជកម្ម ដើម្បីកាត់បន្ថយឧបសគ្គ ចំពោះការនាំចេញផ្លែឈើ ផងដែរ ។

ទន្ទឹមនឹងនេះ ចំពោះផ្លែឈើ ដែលមានតម្លៃថ្លៃដូចជាទុរេន លោក Anucha បាននិយាយថា ដើម្បីរក្សាបាននូវគុណភាពខ្ពស់ កសិករនៅតាមខេត្តភាគខាងកើតប្រទេស ត្រូវបានណែនាំឱ្យអនុវត្តតាមកាលវិភាគប្រមូលផល យ៉ាងតឹងរ៉ឺង ដែលត្រូវបានរៀបចំឡើង ដើម្បីនាំចេញផ្លែទុរេន ទៅកាន់ទីផ្សារ នៅពេលដែលតម្លៃឡើងដល់កម្រិតខ្ពស់បំផុត៕