Jack Ma យល់ព្រមធ្វើជាសាស្ត្រាចារ្យនៅសកលវិទ្យាល័យមួយ ក្នុងទីក្រុងហុងកុង

អន្តរជាតិ

ស្ថាបនិកក្រុមហ៊ុនយក្ស Alibaba មហាសេដ្ឋី Jack Ma បានសម្រេចយល់ព្រម​ធ្វើជា​សាស្ត្រាចារ្យ​កិត្តិយស​នៅសកលវិទ្យាល័យល្បីមួយក្នុងទីក្រុងហុងកុង សម្រាប់មុខជំនាញអាជីវកម្ម។ នេះបើតាម​ការចុះផ្សាយពី CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការតែងតាំងនេះធ្វើឡើងប៉ុន្មានសប្តាហ៍ បន្ទាប់ពីមហាសេដ្ឋីរូបនេះបានបង្ហាញខ្លួនជាសាធារណៈដ៏កម្រនៅក្នុងប្រទេសចិន ក្រោយបាត់​ដំណឹងមួយ​រយៈ ដោយសារ​រដ្ឋាភិបាលចុះបង្ក្រាប​ឧស្សាហកម្ម​បច្ចេកវិទ្យាខ្នាតយក្ស​កាលពី ២ឆ្នាំទៅ។

ជាមួយនឹងការបង្ក្រាបទ្រង់ទ្រាយធំនោះ Alibaba ក៏ទទួលការខាតបង់មិនស្ទើរ​ដែរ ពោលត្រូវបាន​រដ្ឋាភិបាលពិន័យជាទឹកប្រាក់ប្រមាណ ២,៧៥ពាន់លានដុល្លារ សម្រាប់​ការ​ចោទ​ប្រកាន់​ពី​ការ​អនុវត្ត​អាជីវកម្ម​មិន​យុត្តិធម៌។

ក្រឡេកទៅមើលពី​តំណែងជា​សាស្ត្រាចារ្យ​កិត្តិយស​របស់ Jack Ma វិញ គឺសម្រាប់​បង្រៀននៅ​សាកលវិទ្យាល័យ The University of Hong Kong ជាមួយនឹងអាណត្តិរយៈពេល ៣ឆ្នាំ ដល់ខែមីនា ២០២៦។

សូមជម្រាបដែរថា កាលពីឆ្នាំ ២០១៨ សាកលវិទ្យាល័យដដែលនេះក៏បាន​ប្រគល់​សញ្ញាប័ត្របណ្ឌិតកិត្តិយស ទៅកាន់​ស្ដេចត្រាញ់​ចិន​ម្នាក់នេះផងដែរ ខណៈ​ខាងសាកលវិទ្យាល័យ​មួយ​នេះ យល់ឃើញថា បទពិសោធន៍ជោគជាំ និងចំណេះដឹង​របស់​លោក​លើ​វិស័យអាជីវកម្ម នឹងជួយដល់​យុវសិស្ស​ជំនាន់ក្រោយ​អាច​ទទួល​បាន​មេរៀនល្អៗនា​ថ្ងៃអនាគត៕