នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៣ ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol នឹងធ្វើដំណើរចាកចេញពីប្រទេសកំណើត ទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំជាមួយប្រធានាធិបតីអាមេរិក ចូ បៃដិន។

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា ដំណើរទស្សនកិច្ចរបស់លោក Yoon ចាប់ពីថ្ងៃទី ២៤ ដល់ ២៩ ខែមេសានេះ គឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូង ទៅកាន់សហរដ្ឋអាមេរិករបស់ថ្នាក់ដឹកនាំកូរ៉េខាងត្បូង ក្នុងរយៈពេល ១២ឆ្នាំចុងក្រោយ ក៏ដូចជាអបអរសាទរគម្រប់ខួប ៧០ឆ្នាំ នៃភាពជាដៃគូជួយយុទ្ធសាស្ត្រអាមេរិកនៅតំបន់អាស៊ី និងជាមូលដ្ឋានគ្រឹះជួយកូរ៉េខាងត្បូងក្លាយជាស្ដេចត្រាញ់សេដ្ឋកិច្ចមួយនៅអាស៊ីដូចគ្នា។

ដោយឡែក សម្រាប់កិច្ចប្រជុំរវាងថ្នាក់ដឹកនាំកំពូលទាំង ២រូប ត្រូវបានគេរំពឹងថា នឹងលើកយកបញ្ហាដែលកំពុងកើតមានដូចជានៅកូរ៉េខាងជើង និងអ៊ុយក្រែនមកជជែកគ្នា ដោយក្នុងនោះអនុទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូងសង្ឃឹមថា ភាគីទាំង ២ នឹងអាចចេញសេចក្ដីថ្លែងការរួមមួយ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ។

សូមជម្រាបដែរថា ប្រធានាធិបតី Yoon នឹងចូលជួបជាមួយលោក ចូ បៃដិន នាថ្ងៃពុធសម្រាប់កិច្ចប្រជុំ និងសន្និសិទសារព័ត៌មាន ហើយថ្ងៃបន្ទាប់លោកនឹងជួបជជែកជាមួយសភា មុនធ្វើដំណើរទៅកាន់ទីក្រុង Boston ជាកន្លែងលោកនឹងថ្លែងសន្ទរកថានៅសាលា Harvard Kennedy។
សម្រាប់ដំណើរទស្សនកិច្ចនេះផងដែរ លោក Yoon បាននាំយកអ្នកជំនួញគ្រាក់ៗជាច្រើនរូបទៅជាមួយ ដើម្បីបង្កើនទំនាក់ទំនងភាពជាដៃគូ លើសង្វាក់ផ្គត់ផ្គង់ជុំវិញវិស័យបច្ចេកវិទ្យាទំនើបៗ ហើយពួកគេក៏នឹងទៅទស្សនាមជ្ឈមណ្ឌលហោះហើរ Goddard Space Flight Center របស់ NASA ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការអវកាសផងដែរ៕