វៀតណាមគឺជាដៃគូសហការសំខាន់បំផុត របស់សាធារណរដ្ឋឆែក ប្រចាំតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមសម្ដីរបស់នាយករដ្ឋមន្ត្រីឆែក Petr Fiala អំឡុងពេលធ្វើទស្សនកិច្ចនៅប្រទេសជិតខាងកម្ពុជា។
យោងតាមការចុះផ្សាយពី VNExpress បានបង្ហាញថា អំឡុងពេលកិច្ចប្រជុំជាមួយភាគីឆែក នាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បាននិយាយថា វៀតណាមតែងព្យាយាមលើកកម្ពស់ទំនាក់ទំនងជាមួយ “មិត្តប្រពៃណី” និងចាត់ទុកឆែកថាជា “ដៃគូអាទិភាព”។
ថ្នាក់ដឹកនាំទាំង ២ ក៏បានកោតសរសើរពីកំណើននៃទំហំពាណិជ្ជកម្មយ៉ាងឆាប់រហ័សប៉ុន្មានឆ្នាំចុងក្រោយ ជាពិសេសបន្ទាប់ពីរយៈពេលពីរឆ្នាំ នៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) ហើយពាណិជ្ជកម្មទ្វេភាគីឈានដល់ ៨៤៨លានដុល្លារក្នុងឆ្នាំ២០២២ កើនឡើង ១៥% ពីមួយឆ្នាំទៅមួយឆ្នាំ។
ប្រទេសទាំង ២ ក៏បានយល់ព្រមកំណត់គោលដៅនៃការធ្វើពាណិជ្ជកម្មឲ្យដល់ ១ពាន់លានដុល្លារ ក្នុងរយៈពេល ១-២ឆ្នាំខាងមុខ តាមរយៈកិច្ចព្រមព្រៀង EVFTA ផងដែរ។
មេដឹកនាំទាំងពីរបានលើកទឹកចិត្តសហគ្រាសឆែក ជំរុញការវិនិយោគនៅវៀតណាម ជាពិសេសលើវិស័យផលិតរថយន្ត ការផ្លាស់ប្តូរឌីជីថល ថាមពលកកើតឡើងវិញ ការការពារបរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធ។
សូមជម្រាបដែរថា លោក Petr គឺជាថ្នាក់ដឹកនាំរដ្ឋាភិបាលឆែកតំបូង ដែលបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសវៀតណាម ក្នុងរយៈពេល ១៥ឆ្នាំចុងក្រោយ៕